បាល់ទះ៖ វិសាខា ឈ្នះក្រុម MBSA Pelican មកពីម៉ាឡេស៊ី ៣-០សិត
ក្នុងនាមក្រុមការពារតំណែងជើងឯក វិសាខា ធ្វើបានយ៉ាងល្អក្នុងជំនួបបើកឆាកពូល(A) ដោយយកឈ្នះ ៣សិតដាច់លើក្រុមមកពីម៉ាឡេស៊ី MBSA Pelican ជាមួយពិន្ទុ ២៥-២០, ២៥-១៧ និង ២៥-១៩ពិន្ទុ។ សម្រាប់ប្រកួតបន្ទាប់ វិសាខា នឹងត្រូវជួបក្រុម Taichung Bank របស់តៃវ៉ាន់ នាព្រឹកថ្ងៃទី០១ ខែឧសភា និងចុងក្រោយជួបក្រុមជើងឯកលីគកំពូលកូរ៉េខាងត្បូង Hyundai Capital Skywalkers នាថ្ងៃទី០២ ខែឧសភា ដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ដ។
សូមបញ្ជាក់ថា ពានរង្វាន់ The Win Streak Volleyball Invitational 2025 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានក្រុមខ្លាំងៗ ០៨ក្រុម មកពី ០៦ប្រទេសចូលរួម មានក្លិបបាល់ទះនៅកម្ពុជា កូរ៉េខាងត្បូង ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងម្ចាស់ផ្ទះតៃវ៉ាន់ជាដើម៕
អត្ថបទដោយ៖ cambodia-nation-media