ទិវាពលកម្មអន្តរជាតិ សហជីពថា ដំណោះស្រាយ របស់ក្រសួងការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា៖«ខ្ញុំកត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរ លឿន រហ័ស ប្រកបដោយ ភាព ម៉ត់ចត់ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ជួយឱ្យពលរដ្ឋ កម្មករនិយោជិត សហជីព និងនិយោជកបានចំណេញទាំងពេលវេលា និងកាត់បន្ថយទាំងការចំណាយ»។
លោកបន្តថា៖«មិនត្រឹមតែប៉ុណ្ណោះ យើងឃើញថា ការយកចិត្តទុកដាក់នេះ គឺបង្ហាញពីការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្រ្តីក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ សហជីព កម្មករនិយោជិត និងនិយោជក»។
លោក ហ្វា សាលី បានកត់សម្គាល់បន្ថែមទៀតពីការដោះស្រាយបណ្ដឹង និងដំណោះស្រាយលើបញ្ហាមួយចំនួនទៀតរបស់កម្មកររោងចក្រសហគ្រាសនាពេលកន្លងមក ដោយលោកបានចាត់ទុកថា មានភាពម៉ត់ចត់ និងមានការទទួលខុសត្រូវខ្ពស់ដែលជាយន្តការឈ្នះ-ឈ្នះទាំងអស់គ្នា ហើយមិនមានបាតុភាពណាមួយកើតឡើងនោះទេ។
ចំណែកលោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C-CAWDU) បានថ្លែងថា៖«ក្នុងទំនាក់ទំនងរវាងស្ថាប័នវិជ្ជាជីវៈ និយោជិត និយោជក និងភាគីពាក់ព័ន្ធផ្សេងៗទៀត គឺយើងឃើញថា មានការទំនាក់ទំនងវិវត្តទៅមុខល្អប្រសើរ ដោយសារយើងមានវេទិការថ្មីៗជាច្រើនដែលជាយន្តការដោះស្រាយបញ្ហារួមគ្នាដូចជា វេទិការចរចាប្រាក់ឈ្នួល ដោះស្រាយបញ្ហារបបសន្ដិសុខសង្គម និងវេទិការសំខាន់ៗដែលអាចសម្រួលដល់ការដោះស្រាយបញ្ហារួមគ្នា»។
លោកបន្តថា ករណីមួយចំនួនដែលធ្លាប់កើតឡើងកន្លងមកនេះដែលធ្វើឱ្យកម្មករនិយោជិតប្រឈមនឹងការបាត់បង់ការងារ និងប្រាក់ចំណូល ប៉ុន្ដែក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជូនមន្រ្តីជំនាញទៅជួយប្រឹក្សាការងារ និងផ្ដល់ឱកាសការងារនៅតាមរោងចក្រ ជាពិសេសឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ តែងតែចុះសួរសុខទុក្ខ និងលើកទឹកចិត្តកម្មករដោយផ្ទាល់៕
អត្ថបទដោយ៖ cambodia-nation-media