កម្ពុជាលើកទឹកចិត្តក្រុមហ៊ុន បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ

 បច្ចេកវិទ្យា
 ២៨ មេសា ២០២៥
 84
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Infinite Capital Holding Company (ICAP)។ ក្រុមហ៊ុន ICAP ត្រូវបានបង្កើតទ្បើងតាមរយៈគំនិតផ្តួចផ្តើម និងការគាំទ្ររបស់រដ្ឋាភិបាលក្រុងគ័ងចូវ ហើយក្រុមហ៊ុនបានផ្តោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិម្មិត (AI), សឺមីកុងឌុចទ័រ (Semiconductor), ថាមពលថ្មី និងសរសៃការបូន (Carbon Fiber) ជាដើម។ ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជាលើវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី)។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍ និងបានជម្រាបជូនគណៈប្រតិភូពីសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យទាំងពីរ ក៏ដូចជា គោលនយោបាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្តផ្សេងៗ។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ផងដែរកាលពីខែឧសភា ឆ្នាំ២០២៤ ដែលគោលនយោបាយនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គសនី។ ចំពោះវិស័យឧស្សាហកម្មស្វាយចន្ទី ឯកឧត្តមអគ្គលេខាធិការបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។
ក្នុងន័យដូចបានជម្រាបជូនខាងលើ ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ។
ជាការឆ្លើយតប លោក ចាង ឆាវមីន បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានស្តីពីឧស្សាហកម្មយានយន្ត ក៏ដូចជាឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ ដោយទទួលបានព័ត៌មានពិស្តារពាក់ព័ន្ធនឹងវិស័យទាំងពីរនេះ ក្រុមហ៊ុនបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យទាំងពីរនៅកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media