ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Bangsheng Space-Time(Guangxi) Technology ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា

នារសៀលថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Bangsheng Space-Time (Guangxi) Technology Co., Ltd. ដឹកនាំដោយលោក Peng Wenbin ប្រធានក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីកាលានុវត្តភាពនៃការវិនិយោគលើវិស័យបច្ចេកវិទ្យា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីប្រវត្តិ និងសាវតាក្រុមហ៊ុន ជំនាញឯកទេស បទពិសោធន៍ ក៏ដូចជាសមិទ្ធផលការងារធំៗដែលក្រុមហ៊ុនសម្រេចបាននាពេលកន្លងមក។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញពីទិសដៅវិនិយោគនៅកម្ពុជា លើវិស័យឯកទេសរបស់ខ្លួនផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានសម្លឹងឃើញថាកម្ពុជាគឺជាគោលដៅវិនិយោគដ៏មានសក្តានុពល និងមានភាពទាក់ទាញខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវគោលគំនិត និងអនុសាសន៍ចង្អុលបង្ហាញសំខាន់ៗមួយចំនួន ដើម្បីទុកជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមហ៊ុន ក្នុងការបន្តជំហានបន្ទាប់នៃផែនការវិនិយោគនៅកម្ពុជា ឱ្យមានភាពត្រឹមត្រូវ និងទទួលបានប្រសិទ្ធភាពខ្ពស់បំផុត៕








អត្ថបទដោយ៖ cambodia-nation-media