ឯកឧត្តមបណ្ឌិត តែ ឡូរិន ប្តេជ្ញាបង្កើនសក្តានុពលកីឡាគុនដាវឱ្យមានប្រជាប្រិយភាពបន្ថែមទៀត

 កីឡា
 3 ថ្ងៃមុន
 51
បន្ទាប់ពីបញ្ចប់មហាសន្និបាតអាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិថ្មីអាណត្តិទី៦ របស់សហព័ន្ធកីឡាគុនដាវកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅអគារគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជារួចមក ឯកឧត្តមបណ្ឌិត តែ ឡូរិន ប្រធានសហព័ន្ធកីឡាករគុនដាវកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំថានឹងខិតខំធ្វើឱ្យកីឡាមួយនេះមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមបណ្ឌិតប្រធានសហព័ន្ធ បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា៖«ថ្ងៃនេះយើងបានសម្រេចជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិថ្មីចំនួន១៥នាក់ដែលជាក្បាលម៉ាស៊ីនសម្រាប់ដឹកនាំសកម្មភាពកីឡាគុនដាវបន្តទៅមុខទៀត»។ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត តែ ឡូរិន កីឡាគុនដាវ មិនទាន់មានប្រជាប្រិយភាពនៅឡើយទេក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនៅប៉ែកខាងអ៊ឺរ៉ុប គឺពេញនិយមណាស់ ប៉ុន្តែប្រធានសហព័ន្ធដែលបន្តជាប់ក្នុងអាណត្តិថ្មីប្តេជ្ញារួមជាមួយសមាជិកប្រតិបត្តិសហការគ្នាជំរុញឱ្យកីឡាមួយប្រភេទនេះមានប្រជាប្រិយភាពបន្ថែម។ «ដោយសារកីឡាគុនដាវនេះជាកីឡាមួយដែលមិនសូវមានប្រជាប្រិយភាពខ្លាំងទេនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងក៏បានខិតខំធ្វើយ៉ាងណាឱ្យកីឡាគុនដាវនេះមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឱ្យយុវជន យុវតីយើងបានស្គាល់ថា តើកីឡាគុនដាវជាប្រភេទកីឡាបែបណា»។ ឯកឧត្តម តែ ឡូរិន បន្ថែមដូច្នេះ។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរពីអត្ថប្រយោជន៍នៃការហាត់គុនដាវដោយវាអាចជាផ្នែកមួយនាំឱ្យសុខភាពល្អ និងការគិតបានលឿន ពិសេសសកម្មភាពរស់រវើក រហ័សរហួននៅពេលដែលចូលហ្វឹកហាត់កីឡាប្រភេទនេះ។   សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិទី៦ រួមមាន៖ ១. ឯកឧត្តមបណ្ឌិត តែ ឡូរិន ជាប្រធានសហព័ន្ធ ២. លោកឧកញ៉ អ៊ុក សារ៉ន ជាអនុប្រធាន ៣. លោកសាស្រ្ដាចារ្យ វេជ្ជបណ្ឌិត ដួង ឆាយ ជាអនុប្រធាន ៤. ឯកឧត្តម សុខ យ៉ានិមល ជាអនុប្រធាន ៥. លោកHU Jian Hai ជាអនុប្រធាន ៦. លោកRA YOUNG GIRL ជាអនុប្រធាន ៧. លោកសី Dr Maria Isabelita Manzon-Cabrera ជាអនុប្រធាន ៨. លោក ខ្លូត រតនា ជាអនុប្រធាន ៩.លោក សុខ អាង ជាអគ្គលេខាធិការ ១០. លោក ថុង តាំងជិន ជាអគ្គហិរញ្ញិក ១១. លោកជំទាវ សុខា សុធានី ជាសមាជិក ១២. លោក ម៉ៅ ដារ៉េត ជាសមាជិក ១៣. លោក ខ្ចៅ សុភាព ជាសមាជិក ១៤. លោក ម៉ុម ជាសីហា ជាសមាជិក ១៥. កញ្ញា ច័ន្ទ មិថុនា ជាសមាជិក  

អត្ថបទដោយ៖ cambodia-nation-media