ពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៥
តាមរយៈរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនដែលបានចូលរួមប្រឡងជ្រើសរើសសិស្សពូកែឆ្នាំ២០២៥នេះ មានចំនួនសរុប ២៤០នាក់ ស្រី ១២៦នាក់ មកពី១៦២គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន (ថ្នាក់ទី៩ និងថ្នាក់ទី១២)។ ដំណើរការប្រឡងសិស្សពូកែឆ្នាំ២០២៥ នេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ទាំងដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងកម្មវិធីបើក-បិទ ដំណើរការវិញ្ញាសាសរសេរប្រព្រឹត្តទៅ ចំនួន២ពេល គឺ ព្រឹកថ្ងៃទី២៧ ទី២៨ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើដល់គ្រប់សមាសភាពគណៈមេប្រយោគគ្រប់រូប ត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការងារប្រឡងប្រព្រឹត្តទៅប្រកបដោយលទ្ធផលវិជ្ជមាន ព្រមទាំងបានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សជាបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ហើយខិតខំយកអស់សមត្ថភាព ដើម្បីដណ្ដើមជ័យលាភីកិត្តិយសជូនក្រុមគ្រួសារ សាលារៀន រាជធានី និងខេត្តរៀងៗខ្លួន ដោយប្រកាន់ខ្ជាប់នូវសុទិដ្ឋិនិយមចំពោះការប្រឡង។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រអាចបញ្ចេញអស់សមត្ថភាព បង្ហាញសក្ដានុពលរៀងខ្លួន។
ក្នុងដំណើរការប្រឡងសិស្សពូកែ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវម្ចាស់ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីដណ្តើមជ័យលាភីថ្នាក់រាជធានី-ខេត្ត តាមមុខវិជ្ជា តាមកម្រិតថ្នាក់ តាមចំនួនកំណត់ក្នុងតារាងបែងចែកជូនភ្ជាប់ រួចបញ្ជូនបេក្ខភាពមកចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស។ ពិធីបិទ និងការប្រកាសលទ្ធផលប្រឡងសិស្សពូកែនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៕
អត្ថបទដោយ៖ cambodia-nation-media