សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរលទ្ធផលការងារសម្រេចបានរបស់យុវជនគណបក្សគ្រប់រចនាសម្ព័ន្ធក្នុងឆ្នាំ២០២៤ កន្លងទៅ

 សង្គម
 1 ថ្ងៃមុន
 76
នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីបើក និងដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
មានប្រសាសន៍ក្នុងពិធីបើកសន្និបាត សម្តេចមហាបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានរបស់យុវជនគណបក្សគ្រប់រចនាសម្ព័ន្ធក្នុងឆ្នាំ២០២៤កន្លងទៅ។ ជាមួយគ្នានេះដែរ សម្តេចក៏បានលើកឡើងនូវភារកិច្ចការងារសំខាន់ៗដែលយុវជនគណបក្សត្រូវបន្ត និងផ្តោតសម្រាប់ឆ្នាំបន្ទាប់ ដែលចាំបាច់ដើម្បីប្រៀបខ្លាំង និងប្រៀបឈ្នះរបស់គណបក្ស។
នេះបើតាមសំណេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងសហការីជាកម្មាភិបាលគណបក្សជាច្រើនរូបបានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ផងដែរថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា មានរយៈពេលមួយថ្ងៃពេញ នឹងធ្វើការពិនិត្យ ពិភាក្សាលើរបាយការណ៍សកម្មភាព សភាពការណ៍នយោបាយ បញ្ហាប្រឈម និងដំណោះស្រាយ ដែលយុវជនគណបក្សនៅគ្រប់រចនាសម្ព័ន្ធបានជួបប្រទះ ដើម្បីដាក់ជូនសន្និបាតធ្វើការវាយតម្លៃ និងដាក់ចេញនូវទិសដៅ ការតម្រង់ទិសឆ្ពោះទៅមុខ៕

អត្ថបទដោយ៖ cambodia-nation-media