វីតាល់ សហការជាមួយមជ្ឈមណ្ឌលជាតិឈាម រៀបចំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្តជាលើកទី១ នៅខេត្តសៀមរាប
នេះជាលើកដំបូង សំរាប់ខេត្តសៀនរាប ដែលក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក. (វីតាល់) សហការ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំយុទ្ធនាការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ៖ “បរិច្ចាគឈាម សង្គ្រោះជីវិតិ” ជាលើកទី១ នៅផ្សារហេរីថេកវ៉ក ខេត្តសៀមរាប កាលពីថ្ងៃទី២៤ មេសា ២០២៥ ហើយបើតាមអ្នករៀបចំ ពិធីនេះ ទទួលបានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ពីនិស្សិត មន្ត្រីរាជការ និង សប្បុរសជនជាច្រើន គួរឱ្យកត់សម្គាល់។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក. (វីតាល់) បានមានប្រសាសន៍ថា មូលនិធិ២៥រៀល របស់ វីតាល់ជានិច្ចកាល តែងតែបន្តចូលរួមឧបត្ថម្ភគាំទ្រនូវកិច្ចការងារសង្គម ក្នុងនោះ គឹមានការងារចុះប្រមូលអំណោយឈាម តាមរយៈការសហការជាមួយមជ្ឈ មណ្ឌលជាតិផ្តល់ឈាម ហើយថ្ងៃនេះផ្ទាល់ វីតាល់បានរៀបចំកម្មវិធីបរិច្ចាគឈាមជាលើកទី១ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប។
លោកជំទាវបានបន្តទៀតថា ការបរិច្ចាគឈាមគឺ មិនមានការប៉ះពាល់ដល់សុខភាពនោះទេ តែផ្ទុយទៅវិញ គឺនាំមកនូវសុខភាពល្អ និងផ្ដល់ជាអំណោយសម្រាប់ជីវិតជូនដល់ជនរងគ្រោះប្រកបដោយក្ដីសង្ឃឹម ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន ព្រោះឈាមពុំអាចផលិតឡើងរោងចក្របាននោះទេ ប្រភពតែមួយគត់ ដែលមិនចេះរីងស្ងួត ប្រកបដោយប្រសិទ្ធិភាព-សុខសុវត្ថិភាពនោះ គឺការបរិច្ចាគដោយស្ម័គ្រចិត្តចេញពីសប្បុរសជនម្នាក់ៗ។
ក្នុងន័យនេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការដ៏ក្លៀវក្លានាថ្ងៃនេះ កំណើននៃសប្បុរសជនបរិច្ចាគឈាមនៅខេត្តសៀមរាបនឹងបន្តកើនឡើង ពិសេសកើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាខេត្តសៀមរាប ដើម្បីបំពេញស្តុកឈាមសុវត្ថិភាពជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។
ចំណែក ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ខេត្តសៀមរាបបានដាក់ចេញនូវផែនការអាទិភាពជាច្រើន និងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម និងផ្ដល់កិច្ចសហការលើការពង្រឹងលើកកម្ពស់ សេវាសុខភាពសាធារណៈដល់ប្រជាជន។ ក្នុងនោះការចូលរួមផ្ទាល់ពីវិស័យឯកជន និងសប្បុរសជននានា គឺពិតជាពុំអាចខ្វះបានឡើយ ដើម្បីជម្រុញឱ្យវិស័យសុខាភិបាលនៅក្នុងខេត្តកាន់តែរីកចម្រើនបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមចំណែកលើការងារសង្គមដ៏ថ្លៃថ្លារបស់ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) តួយ៉ាងកម្មវិធិថ្ងៃនេះ ដែលបានផ្ដួចផ្ដើមរៀបចំផ្សព្វផ្សាយ បំផុសគំនិតនៃចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងការប្រមូលអំណោយឈាមពីសប្បុរសជននៅមូលដ្ឋានខេត្តសៀមរាប៕
អត្ថបទដោយ៖ cambodia-nation-media