យោងតាមការចេញផ្សាយនៅលើផេកហ្វេសបុកផ្លូវការ ខេមបូឌានព្រីមៀរលីគ(CPL) ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/25 នឹងមានបំពាក់ប្រព័ន្ធ វិដេអូជំនួយអាជ្ញាកណ្តាល video assistance referee (VAR) និងជាពិសេសការផ្សាយរបស់ទូរទស្សន៍ក្នុងស្រុក BTV នឹងបំពាក់កាម៉េរា ចំនួន១០ដើមផងដែរ។
បើតាមការប្រកាសរបស់ AFC ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League™ 2024/25 នឹងប្រើប្រាស់ វីដេអូជំនួយអាជ្ញាកណ្ដាល ឬហៅកាត់ថា VAR ផងដែរ ដើម្បីឱ្យការប្រកួតកាន់តែសុក្រិត និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។ ក្រោយពីកិច្ចប្រជុំត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រវាងភាគីពាក់ព័ន្ធខាងកម្ពុជា ជាមួយ លោក Kasih Budi Prabowo និងលោក Yossarun Kousurat ដែលជាក្រុមបច្ចេកទេសរបស់ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) រួចមកការរៀបចំវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) និងបន្ទប់សម្រាប់មន្ដ្រីអាជ្ញាកណ្ដាលពិនិត្យវីដេអូ ឬបន្ទប់ប្រតិបត្តិការវីដេអូ - Video Operation Room (VOR) នឹងត្រូវរៀបចំដំឡើងដោយផ្ទាល់នៅក្នុង ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលមិនមានការបញ្ជូនរូបភាពទៅពិនិត្យនៅក្រៅប្រទេសទៀតនោះទេ។
គួររំលឹកផងដែរថា ការប្រកួតក្នុងទឹកដីកម្ពុជា ពីមុនមកក៏ធ្លាប់ប្រើប្រាស់វីដេអូជំនួយអាជ្ញាកណ្ដាលនេះរួចជាច្រើនដងមកហើយដែរ ចាប់តាំងពីការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 និងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ប៉ុន្តែកាលនោះគឺកម្ពុជាបញ្ជូនរូបភាពទាំងអស់ទៅទីស្នាក់ការរបស់ AFF នៅឯប្រទេសម៉ាឡេស៊ី រឺក៏ប្រទេសសិង្ហបុរី ដើម្បីឱ្យក្រុមមន្ត្រីអាជ្ញាកណ្ដាលជំនាញពិនិត្យ នឹងឆ្លើយតបមកកាន់ប្រទេសកម្ពុជាវិញ តែសម្រាប់ប្រតិបត្តិមួយ វាធ្វើឱ្យការពិនិត្យរៀងមានភាពរអាក់រអួលបន្តិចបន្ទួច ដោយសារប្រព័ន្ធអុីធឺណេត មិនសូវរលូនពេលខ្លះ។
យ៉ាងណាពេលនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងរៀបចំសម្ភារៈមកដំឡើងផ្ទាល់ទាំងអស់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមតំណាងប្រទេសកម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្ញៀវ FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។