លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពង់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម កម្មវិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ (Opening Ceremony of The 33th ASCC Council Meeting) នៅទីក្រុងគូឈីង ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួម ពីរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានប្រទេសទីម័រខាងកើត ក្នុងនាមជាប្រទេសសង្កេតការណ៍អាស៊ាន អគ្គលេខាធិការអាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន និងគណៈប្រតិភូនៃរដ្ឋសមាជិកអាស៊ាន។
កម្មវិធីនេះត្រូវបានអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីដោយ ឯកឧត្តមបណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន និងថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្តម Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ី។ ជាកិច្ចបន្ត ឯកឧត្តមបណ្ឌិត Abang Haji Rahman Zohari bin Tun Datuk Abang Haji Openg អភិបាលរដ្ឋសារ៉ាវ៉ាក់ (Sarawak) បានថ្លែងសុន្ទរកថាគន្លឹះដែលផ្តោតលើវប្បធម៌ សិល្បៈ ជំនឿនិងសាសនា បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ប្រវត្ថិសង្ខេបនៃរដ្ឋសារាវ៉ាក់(Sarawak) ការអប់រំ និងចក្ខុវិស័យក្នុងការចូលរួមពង្រឹងមជ្ឈភាពអាស៊ានទាំងមូល។