អ្នកស្រុកអង្គរ និយមធ្វើពិធីបុណ្យភូមិ និងសុំទឹកភ្លៀង នៅប្រាសាទលាក់នាង
បើទោះបី បច្ចុប្បន្ន ជាសម័យបច្ចេកវិទ្យានិងទា សម័យទំនើបក៏ដោយ តែសំរាប់អ្នកស្រុកអង្គរ នៅតែមានជំនឿ ដោយពឹងផ្អែកលើទឹកភ្លៀង ដើម្បីធ្វើស្រែចម្ការ ដដែល។
នៅរដូវវស្សា ពេលខ្លះភ្លៀងធ្លាក់ពុំត្រូវតាមពេលវេលា ខ្លះរាំងភ្លៀង ទឹកមិនគ្រប់គ្រាន់ ពេលខ្លះភ្លៀងធ្លាក់ច្រើនពេក ទាំងនេះហើយ ជាកង្វល់យ៉ាងធំរបស់អ្នកស្រុក។ នៅពេលណាដែលជួបប្រទះបញ្ហាកង្វះខាតទឹកភ្លៀង អ្នកស្រុកអង្គរតែងមានទំនៀមទំលាប់មួយគឺរៀបចំ ពិធីសុំទឹកភ្លៀង។
សម្រាប់ពិធីសុំទឹកភ្លៀងនេះដែរគឺតែងរៀបចំពិធីខុសគ្នាពីភូមិទៅភូមិមួយ ហើយជាពិធីទាក់ទងនឹងជំនឿជីវចលតែប៉ុណ្ណោះ តែយ៉ាងណាក៏មានកិច្ចក្នុងពុទ្ធសាសនាខ្លះដែរ។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រជាពលរដ្ឋ រស់នៅភូមិស្រែចង្ហូត បានរៀបចំធ្វើ ពិធីសុំទឹកភ្លៀង និងបុណ្យឆ្លងចេត្ររួមគ្នា នៅប្រាសាទលាក់នាង នាពាក់កណ្តាលសប្តាហ៍ទី៤ នៃខែ មេសា ។
បន្ទាប់ពីកិច្ចពិធីតាមសាសនា និងបញ្ជូលរូបស្នង បានរាំលេងសប្បាយ ហើយ នៅខាងមុខប្រាសាទលាក់នាង ទៀតសោត អ្នកភូមិបានសូនដីខ្សាច់រាងបួនជ្រុងជារូបនាគព័ន្ធ តំណាងស្រះទឹក ក្នុងស្រះមានសត្វដូចជា ក្តាម ត្រី កង្កែប អណ្តើក ក្រពើ កំពឹស ខ្យង អន្ទង់ ដែលត្រូវមានកិច្ចពិធីនិមន្តព្រះសង្ឃគង់ឈរជុំវិញស្រះ សូត្រធម៌មហាមេឃ ដើម្បីសុំទឹកភ្លៀង។
ពេលសូត្រចប់អ្នកភូមិស្រង់ទឹកដល់ព្រះសង្ឃ និងចាស់ទុំ រួមទាំងលេជះទឹកឧបកិច្ចថា មានភ្លៀងធ្លាក់មកគ្រប់គ្រាន់ ទិន្នផលស្រូវដំណាំទទួលបានគាប់ប្រសើរដូចការប៉ងប្រាថ្នាពិតប្រាកដមែន៕
អត្ថបទដោយ៖ cambodia-nation-media