ក្រសួងកសិកម្មអំពាវនាវដល់ម្ចាស់រោងចក្រកែច្នៃវេចខ្ចប់ និងចម្ការទុរេនមកដាក់ពាក្យចុះបញ្ជីដើម្បីអាចនាំចេញទៅទីផ្សារចិន

 សង្គម
 3 ថ្ងៃមុន
 66
អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ ផ្លែទុរេនស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងជូនដល់ ម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែទុរេនស្រស់ និងចម្ការទុរេន ជ្រាបថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជា មានិតចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ កន្លងទៅថ្មីៗនេះ។ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ ផ្លែទុរេនស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះណែនាំ និងវាយតម្លៃស្របតាម នីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ។ អគ្គនាយកដ្ឋានកសិកម្ម គ្រោងនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រ កែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីចិននៅអំឡុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីភាគីចិនពិនិត្យនិង វាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់នេះ សូមទាក់ទងមកកាន់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអង្គភាពជំនាញមាន សមត្ថកិច្ចទទួលបន្ទុកការងារពាក់ព័ន្ធនឹងការចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីជំរុញការនាំចេញផលិតផល ដំណាំទៅកាន់ប្រទេសនានារួមទាំងប្រទេសចិនផងដែរ តាមរយៈទូរស័ព្ទទំនាក់ទំនងលេខ ០៩២ ៦២២ ៦២១, ០១២ ៥៣៣ ៦៤៧, ០១២ ២២៤ ៨១៥, ០៧៧ ៤២៦ ៦០៨ និង ០៩៦ ២២៧ ៤៥០៩។ ក្រៅពីទុរេន ប្រទេសចិន ក៏សម្រេចឱ្យកម្ពុជាអាចនាំចេញសំបុកត្រចៀក កាំ និងកូនក្រពើ ទៅកាន់ទីផ្សារចិន ផងដែរ ចាប់ពីពេលនេះតទៅ៕

អត្ថបទដោយ៖ cambodia-nation-media