ជនសង្ស័យ១៤ នាក់ត្រូវបានឃាត់ខ្លួនក្រោយជំនួយការឆ្លាតវៃ App NoDrug រាយការណ៍

 សង្គម
 3 ថ្ងៃមុន
 61
(រាជធានីភ្នំពេញ)៖នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានពីប្រជាពលរដ្ឋដែលប្រើប្រាស់ App NoDrug កម្លាំងជំនាញបានចុះទៅដល់ទីតាំង និងបើកការស្រាវជ្រាវ នៅខណ្ឌមានជ័យ។
បន្ទាប់ពីប្រតិបត្តិការស្រាវជ្រាវជាច្រើនសប្តាហ៍កន្លងមក នៅថ្ងៃទី២២ មេសា សមត្ថកិច្ចបានកំណត់ទីតាំងខាងលើ និងបានបង្រ្កាបករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(ដាវកែច្នៃ) និងមានបង្កប់ល្បែងសុីសងខុសច្បាប់(ហ្គេមចូគឺ) នៅចំនុចផ្ទះគ្មានលេខ ផ្លូវលេខ៦៩៤ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះដែរ សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ (ប្រុសទាំងអស់) និងពិនិត្យមានសារធាតុញៀន និងបានដកហូតយកវត្ថុតាងរួមមាន៖ សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន(មួយចំនួន), ដាវកែច្នៃ០១ដើម, កាំបិតចំនួន ០៦ដើម, កន្ត្រៃកាត់ដែក ០១ដើម, ស្លាកលេខម៉ូតូចំនួន០១ និងទូរសព្ទដៃ ចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចំណាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដោយ៖ cambodia-nation-media