ប្រទេសម៉ាឡេស៊ី៖ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៨ (38th SOCA Meeting) នៅទីក្រុងគូឈីង ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទំាង១០ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាននៃប្រទេសទីម័រខាងកើតក្នុងនាមជាប្រទេសសង្កេតការណ៍អាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន និងប្រតិភូនៃប្រទេសសមាជិកអាស៊ាន។
ជាមួយគ្នានេះដែរ កម្ពុជាក៏បានបង្ហាញពីការគាំទ្រចំពោះភាពជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ របស់ប្រទេសម៉ាឡេស៊ី ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” និងចំណុចអាទិភាពសហគមន៍សង្គម-វប្បធម៌អាស៊ានទាំង៥ដែលបានឆ្លុះបញ្ចាំងគោលដៅវឌ្ឍនភាពរួមគ្នា វិបុលភាព និងមជ្ឈភាពរបស់អាស៊ាន។ ក្នុងនោះកម្ពុជា បានបង្ហាញពីការគាំទ្រចំពោះ គំនិតផ្តួចផ្តើមស្តីពី “ក្របខណ្ឌចីរភាពសេដ្ឋកិច្ចច្នៃប្រឌិតអាស៊ាន”, “បញ្ជីត្រួតពិនិត្យសម្រាប់រដ្ឋាភិបាលសមាជិកអាស៊ាន អ្នកជ្រើសរើសកម្មករ និងពលករចំណាកស្រុកស្តីពីការជ្រើសរើសដោយយុត្តិធម៌ និងការបំពេញការងារដោយតម្លាភាព”, និងការអភិវឌ្ឍក្របខណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥។
កម្ពុជាក៏បានសង្កត់ធ្ងន់លើភាពជោគជ័យក្នុងការអនុវត្តផែនការចក្ខុវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥, ការគាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ភាពជាសមាជិកអាស៊ានពេញលេញរបស់ប្រទេសទីម័រឡេស្ត, ការលើកកម្ពស់សកម្មភាពកីឡាប្រកបដោយបរិយាបន្ន, ប្រព័ន្ធអប់រំឌីជីថលសម្រាប់អាស៊ាន, ការចូលរួមនិងកសាងសមត្ថភាពរបស់យុវជនអាស៊ាន, ការបង្កើតឱកាសការងារសមរម្យ ការបង្កើនជំនាញ និងការការពារសិទ្ធិរបស់ពលករ, ការការពារបរិស្ថាន និងភាពធន់ទៅនឹងអាកាសធាតុ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនិងការយល់ដឹងរបស់សហគមន៍, និងការលើកកម្ពស់សុខភាពរបស់ប្រជាជនអាស៊ានអាស៊ានទាំងមូល៕