សមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបរថយន្តដឹកឈើខុសច្បាប់ នៅស្រុកសន្ទុក ខណៈជនល្មើសរត់គេចខ្លួនបាត់ស្រមោល
រថយន្ត១គ្រឿងដែលតែងតែដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ចេញពីចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ច ចម្រុះខេត្តកំពង់ធំ ធ្វើការបង្ក្រាបបានហើយ ប៉ុន្តែជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល។
រថយន្តខាងលើ ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ កំពង់ចាម3A-3085 នៅចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ទាក់ទងព័ត៌មានខាងលើនេះ សមត្ថកិច្ចពុំបានឱ្យដឹងពីប្រភេទឈើ និងចំនួនឈើប៉ុន្មាននោះឡើយ គ្រាន់តែបញ្ជាក់ថា ជនល្មើសបានរត់គេចខ្លួនបាត់ នៅពេលដែលសមត្ថកិច្ចចុះទៅពិនិត្យទីតាំងអុសជាក់ស្តែង។
បច្ចុប្បន្នវត្ថុតាងត្រូវបានចាប់យកមករក្សាទុកនៅ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ចំណាត់ការបន្តតាមនិតិវិធី។
បើតាមប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិនៅតំបន់នោះ បានឱ្យដឹងថា រថយន្តដែលសមត្ថកិច្ចធ្វើការបង្ក្រាបនោះ ត្រូវគេស្គាល់ថាជាកម្មសិទ្ធិរបស់ឈ្មោះ ភ័ក្រ រស់នៅភូមិអូរគរគីក្រោម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ឈ្មោះ ភ័ក្រ ជាឈ្មួញដុះស្លែប្រចាំតំបន់នេះ ជាយូរឆ្នាំហើយ និងជាមេខ្យល់ ខាងដើរកៀគរប្រជាពលរដ្ឋ ឱ្យចូលទៅកាប់បំផ្លាញព្រៃឈើពីតំបន់ព្រៃឡង់ ហើយដឹកតាមឡាន កែច្នៃ(បុកស័រ) និងគោយន្តកន្តៃ្រយ៍មកស្តុបទុក នៅភូមិអូរក្រពើ ទើបមានរថយន្តមកប្រមូល ដឹកចេញបន្តក្នុងមួយថ្ងៃ២ ទៅ៣ជើង ប៉ុន្តែមិនដែលឃើញមានសមត្ថកិច្ចធ្វើការបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះឡើយ ទើបតែឃើញបង្ក្រាបបាន នៅពេលនេះ តែបានតែសម្បកឡានប៉ុណ្ណោះ៕
អត្ថបទដោយ៖ cambodia-nation-media