ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អង់គ្លេស កើនឡើង ដែលឈានដល់ជិត១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤

 សង្គម
 4 ថ្ងៃមុន
 91
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Catherine West រដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក របស់ក្រសួងការបរទេសអង់គ្លេស បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងកម្ពុជា និងអង់គ្លេស។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកជំទាវនៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ជំនួបនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Catherine West បានពិភាក្សាគ្នាអំពី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់លើឱកាសសម្រាប់បង្កើនកិច្ច សហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងប្រទេសទាំងពីរ នៅរាជធានីភ្នំពេញក្នុងឆ្នាំនេះ។ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការ កើនឡើងនៃទំហំពាណិជ្ជកម្ម ដែលឈានដល់ជិត១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបញ្ចូលកម្ពុជា ក្នុងប្រទេសដែលទទួលបានផលប្រយោជន៍ក្រោមគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS)។ លោកជំទាវ West បានសម្តែង ការកោតស្ញប់ស្ញែងចំពោះការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរចនាដោយក្រុមហ៊ុនអង់គ្លេស Foster + Partners ហើយបានចាត់ទុកថា នោះគឺជាគំរូនៃកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ Catherine West ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក្នុងអង្គការអន្តរជាតិនានា៕  

អត្ថបទដោយ៖ cambodia-nation-media