ឯកឧត្តម ប៉ុន សុខ វាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

 កីឡា
 ២២ មេសា ២០២៥
 44
ថ្លែងក្នុងកិច្ចប្រជុំនាយបេសកកម្មលើកទី២ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួតកីឡាសិស្សបឋមឆ្នាំ២០២៥ ដែលបានត្រៀមលក្ខណៈរៀបរយល្អ ទាំងទីតាំងសម្រាប់បម្រើការប្រកួត ការស្នាក់នៅ ហូបចុកតម្រៀមសម្រាប់ប្រតិភូ កីឡាករ កីឡាការិនីដែលមកពីបណ្តារាជធានីខេត្ត។
ជាមួយគ្នានោះដែរឯកឧត្តម ប៉ុន សុខ ក៏សំណូមពរទៅកាន់បណ្តាប្រតិភូសហព័ន្ធ រាជធានីខេត្តដែលបានចូលរួម ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អបម្រើការឱ្យការប្រកួតប្រកបដោយ Fair Play មិត្តភាព សមាគ្គីភាព និងសុច្ចរិតភាព។ ឯកឧត្តមអគ្គនាយកបានបន្តទៀតថា ការប្រកួតដំណើរការនៅដើមខែឧសភា គឺគណៈកម្មការរៀបចំការប្រកួតត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់រាល់ការប្រកួតរបស់កីឡាករកីឡាការិនីនៅតាមទីតាំងប្រកួតអ្វីដែលពិសេសគឺមានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាប់ប្រចាំទីលានជានិច្ច។
យោងតាមរបាយការណ៍លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ មាន១៣ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល ប៉េតង់ គុនល្បុក្កតោ ហែលទឹក គុនដាវ និងចំបាប់៕

អត្ថបទដោយ៖ cambodia-nation-media