វឌ្ឍនភាពគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ សម្រេចបានប្រមាណ ៧០%ហើយ

 សង្គម
 5 ថ្ងៃមុន
 51
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បាន ដឹកនាំក្រុមការងារបច្ចេទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ ដែលចាំបាច់មិនអាចខ្វះបានស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាង ក្រោម របស់អាងស្ទឹងសែន ដែលជាស្ទឹងធំជាងគេ វែងជាងគេ របស់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា សំណង់អាងទឹកកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ អាងទឹកនេះ បានធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារក៏បានចុះពិនិត្យការដ្ឋានជួសជុលស្ដារឡើងវិញស្ទឹងស្លាប់ផងដែរ ដែលស្ទឹងនេះបានជួបស្ថានភាពគោករាក់ធ្វើឱ្យមានការលិចលង់ដីស្រែចំការផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ជាប្រចាំក្នុងរដូវវស្សា បង្កការលំបាកគ្រប់យ៉ាងដល់ខេត្តទាំងពីរខាងលើ។ ការស្តារស្ទឹងនេះគឺដើម្បីជួយរំដោះទឹក និងពង្វាងទឹកដ៏សំខាន់ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងធារទឹក ៣០០ ម៉ែត្រគូបក្នុងមួយវិនាទី៕

អត្ថបទដោយ៖ cambodia-nation-media