អគារសិក្សាថ្មី ១ខ្នង ៣បន្ទប់ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

 សង្គម
 6 ថ្ងៃមុន
 186
(ខេត្តកំពង់ធំ)៖ អគារសិក្សាថ្មី ០១ខ្នង មាន ០៣បន្ទប់ នៅសាលាបឋមសិក្សាគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និង លោក ហ្សង់ ហ្វីលីព (Jean Philippe BRUN) ប្រធានអង្គការសហគមន៍បឹងទន្លេសាបនៃប្រទេសបារាំង។
ឯកឧត្តម នួន ផារ័ត្ន បានផ្តល់នូវអនុសាសន៍ណែនាំដល់សិស្សានុសិស្ស ឱ្យប្រឹងប្រែងខិតខំបន្តការសិក្សារៀនសូត្រ ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីអនាគតរបស់ក្មួយនៅពេលខាងមុខ។ ឯកឧត្តមបន្ថែមទៀតថា ការកសាងបាននូវធនធានមនុស្សដែលខ្លាំងគឺ អាស្រ័យលើកត្តាធំៗ ចំនួន ៥យ៉ាង÷ ១. កត្តាសិស្សខ្លួនឯង ២. កត្តាគ្រូបង្រៀន ៣. កត្តាសាលារៀន ៤. កត្តាការចូលរួមរបស់មាតាបិតាអាណាព្យាបាល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការតាមដាន ត្រួតពិនិត្យ និងជំរុញការសិក្សាអប់រំរបស់កុមារា កុមារីនៅផ្ទះ និងទី៥. កត្តាចូលរួមពីសហគមន៍ អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន កាន់តែឆាប់រហ័ស កត្តាទាំង ៥នេះ ជាកម្លាំងជំរុញឲ្យការអភិវឌ្ឍធនធានមនុស្សកាន់តែរីកលូតលាស់ ។
លោក ហ្សង់ ហ្វីលីព ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង បានមានប្រសាសន៍ថាអស់រយៈពេលជាង១២ឆ្នាំមកហើយ ដែលអង្គការសហគមន៍បឹងទន្លេសាប ដំណើរការការងាររបស់ខ្លួនក្នុងការប្រមូលផ្តុំគ្នា ក្នុងគោលបំណងក្រុមធំមួយ គឺជួយប្រជាជនក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ក្នុងការសាងសង់ ឬ កែជុសជុលសាលារៀន បានសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ធ្វើឱ្យប្រទេសកម្ពុជាសម្បូរទៅដោយធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើន។
សូមបញ្ជាក់ផងដែរថា អគារសិក្សាដែលត្រូវសម្ពោធ និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ មានទំហំបណ្ដោយ២៧ម៉ែត្រ ទទឹង០៨ម៉ែត្រ កម្ពស់០៣ម៉ែត្រ មាន០៣បន្ទប់ ដំបូលប្រក់ក្បឿង ចំណាយទឹកប្រាក់អស់៤៤.០០០ដុល្លារសហរដ្ឋអាមេរិក។ សម្រាប់កម្មវិធីសម្ពោធសាលាអ្នកចូលរួម សរុប៦៥៨ក្នុងនោះ មន្ត្រីរាជការជុំវិញស្រុក២០នាក់ លោកគ្រូអ្នកគ្រូ១៣៨នាក់ សិស្សានុសិស្ស១០០នាក់ ប្រជាពលរដ្ឋ ៤០០នាក់ សិស្សក្នុង ១នាក់ ទទួលបានសៀវភៅ ២ក្បាល ប៊ិច ២ដើម និងថវិកា៥.០០០រៀល អំណោយរបស់សាលាស្រុកប្រាសាទបល័្លង្ក លោកគ្រូ អ្នកគ្រូ ជូនថវិកា ១នាក់ ២ម៉ឺនរៀល ប្រជាពលរដ្ឋ ក្នុង១នាក់ ជូនក្រម៉ា១ ហើយអំណោយទាំងនេះ ជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

អត្ថបទដោយ៖ cambodia-nation-media