ថ្លែងប្រាប់សារព័ត៌មាន Cambodia Nation Media(CNM) តាមសារអេឡិចត្រូនិក តេលេក្រាម គ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Pep Munoz បង្ហាញពីក្តីសង្ឃឹមខ្ពស់ថាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFC Challenge League 2024/25 រវាងក្រុមបាល់ទាត់តំណាងព្រះរាជាណាចក្រកម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្ញៀវ Arkadag FK មកពីប្រទេសតួកម៉េនីស្ថាន ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនឹងមានអ្នកគាំទ្រច្រើន ដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករ ក៏ដូចជាក្រុមតំណាងឱ្យកម្ពុជាទាំងមូលផង។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep និយាយថា៖«ពិតជាពិសេសណាស់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរិ៍។ យើងចង់ឱ្យអ្នកស្នេហាកីឡាបាល់ទាត់ទាំងអស់អាចរីករាយ និងថ្ងៃប្រវត្តិសាស្ត្រនៅចុងសប្តាហ៍នៅទីនេះ។ វាពិបាកណាស់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្រិតអន្តរជាតិ»។ ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះដែរលោក Pep Munoz លើកឡើងថា សម្រាប់ក្រុមបាល់ទាត់មកពីប្រទេសតួកម៉ែនីស្ថាន គឺជាក្រុមខ្លាំងមួយដែលមានធនធានកីឡាករល្អៗច្រើន និងសុទ្ធសឹងតែជាកីឡាករជម្រើសជាតិដែលការប្រយុទ្ធមានគុណភាព ហើយសម្រាប់កូនក្រុមរបស់លោកក៏មានគុណភាពដែរចាប់តាំងពីការប្រកួតជុំដំបូងមក។
លោក Pep និយាយថា៖«ពួកគេជាក្រុមខ្លាំង និងល្អបំផុតនៅក្នុងប្រទេសរបស់គេ។ កីឡាករភាគច្រើនជាកីឡាករជម្រើសជាតិ ពួកគេមានភាពខ្លាំងខ្ពស់ស្ទើរគ្រប់គ្នានៅកំឡុងក្នុងការប្រកួត និងមានអ្នកលេងល្អៗសម្រាប់ការវាយបក»។ គ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បញ្ជាក់ដូច្នេះ។
សូមបញ្ជាក់ផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទាត់ពានរង្វាន់ក្លិបលំដាប់ទី៣ ក្នុងតំបន់អាសុី AFC Challenge League2024/25 រវាងក្រុមបាល់ទាត់តំណាងព្រះរាជាណាចក្រកម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្ញៀវ Arkadag FK មកពីប្រទេសតួកម៉េនីស្ថាន ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕