លោក វេជ្ជបណ្ឌិត គង់ សាវង្ស ប្រធាន ស.ស.យ.ក ស្រុកឯកភ្នំ បានបង្ហាញពីឆន្ទៈ និងគោលបំណងពីការប្រកាសខ្លួនចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ Soccer League ឆ្នាំ២០២៥ ថាចង់ឃើញយុវជនក្នុងខេត្តបាត់ដំបងបង្ហាញពីសមត្ថភាពរបស់ខ្លួន និងបានឃើញពីសកម្មភាពលេងកីឡា ជាជាងដើរផ្លូវអបាយមុខ។
ដ្បិតក្រុមបាល់ទាត់ បាត់ដំបងយូណាយធីត ពុំដែលបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ពានរង្វាន់ Soccer League តែលោក គង់ សាវង្ស ថាបន្ទាប់ពីទទួលបាននូវអនុសាសន៍ណែនាំពីឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តដំបង មកក្នុងនាមជាថ្នាក់ដឹកនាំក្រុមបានសម្រេចចិត្តប្រកាសជ្រើសរើសកីឡាករដែលមានសមត្ថភាពចូលរួមជាមួយក្រុម។
លោក វេជ្ជបណ្ឌិត គង់ សាវង្ស បានបន្តថា៖«បន្ទាប់ពីទទួលបានការអនុញ្ញាតពីឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង មកគឺយើងជ្រើសរើសកីឡាករដើម្បីចូលរួមលេងពានរង្វាន់Soccer League ហ្នឹង។ អ្វីដែលឯកឧត្តមប្រធានចង់បានគឺចង់ឱ្យក្រុមមានគុណភាព ចង់ឱ្យក្មេងៗបង្ហាញសមត្ថភាព លេងកីឡាឱ្យបានច្រើន ដើម្បីជៀសវៀងអំពើអបាយមុខផ្សេងៗ»។
សម្រាប់ក្រុមបាល់ទាត់ បាត់ដំបង យូណាយធីត ពានរង្វាន់Soccer League 2025 ជាការចូលរួមលើកដំបូងរបស់ខ្លួន ខណៈការប្រកាសជ្រើសរើសកីឡាករដើម្បីចូលរួមក្រុមនឹងធ្វើនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅសកលវិទ្យាល័យជាតិបាត់ដំបង តែម្តង។ ដ្បិតមានរយៈពេលខើចខ្លីក្នុងការត្រៀមខ្លួនតែសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ លោក គង់សាវង្ស នៅតែយកចិត្តទុកដាក់ក្នុងការដឹកនាំក្រុមចូលរួមឱ្យខានតែបាន ដើម្បីបង្ហាញពីកម្រិតសមត្ថភាពយុវជនក្នុងខេត្តបាត់ដំបង។
«ចំពោះទស្សនៈរបស់ខ្ញុំក៏ដោយ ឯកឧត្តមប្រធានក៏ដោយ គឺចង់ឃើញក្រុមតំណាងឱ្យខេត្តមួយហ្នឹងចូលរួមលេងដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា បន្ទាប់មកចង់ឃើញយុវជនរបស់ខេត្តបាត់ដំបងយើងបញ្ចេញសមត្ថភាពពិតរបស់គាត់»។ លោកវេជ្ជបណ្ឌិត គង់ សាវង្ស ប្រាប់សារព័ត៌មាន CNM ដូច្នេះតាមរយៈសារសម្លេងតេឡេក្រាម ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានវិញ្ញាសាចំនួនពីរ គឺវិញ្ញាសាបាល់ទាត់បុរស និងវីញ្ញាសាបាល់ទាត់នារី៕