រដ្ឋមន្ត្រីក្រសួងអប់រំសំណេះសំណាល​ការងារជាមួយ​មេ​បញ្ជាការ​កងទ័ព​ពិសេស​

 សង្គម
 ១៩ មេសា ២០២៥
 91
នៅ​ទី​ស្តី​ការ​ក្រសួង ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ​បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​សំណេះសំណាល​ការងារ​ជាមួយ បញ្ជា​ការ​កងទ័ព​ពិសេស​ ដឹក​នាំ​ដោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុ សំណាង មេ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស និង​មាន​ការ​ចូល​រួម​ពី ឯកឧត្តម លោកជំទាវ​ ភាគី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។ ឯកឧត្តម ឧត្តមសេនីយ៍ទោ បាន​ជម្រាប​ជូន ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ឧបនាយក​រដ្ឋមន្ត្រី អំពី​វឌ្ឍនភាព​ និង​សមិទ្ធផល​សំខាន់ៗ នៃ​បញ្ជា​ការ​កងទ័ព​ពិសេស ពាក់ព័ន្ធ​នឹង​ការ​ហ្វឹកហាត់​នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេជោ​សែន​ឱរ៉ាល់ ការ​សាងសង់​អគារ​បន្ទាយ​កងទ័ព និង​ការ​​ប្រារព្ធ​ពិធី​អបអរសាទរ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេសកន្លងទៅនេះ ហើយក៏បានឆ្លៀតឱកាស ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​​ក្រសួង​អប់រំ​ យុវជន និង​កីឡា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​ផែនការ​សកម្មភាព​អភិវឌ្ឍ​នានា​របស់​​បញ្ជាការ​កងទ័ព​ពិសេស​កន្លង​មក។​ ឯកឧត្តម​បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ឧបត្ថម្ភ​ជូន​ដល់​បញ្ជាការ​កងទ័ព​ពិសេស និង​​បាន​ជូន​ពរ​ឆ្នាំ​ថ្មី សិរីសួស្តី ជ័យ​មង្គល​មហាប្រសើរ ជូន​ដល់​កង​ទ័ព​ពិសេស​ទាំងអស់​ ​ព្រម​ទាំង​ក្រុម​គ្រួសារ សូម​ទទួល​បាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​៕

អត្ថបទដោយ៖ cambodia-nation-media