មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សំណេះសំណាលនិងប្រគល់ភារកិច្ចជូនកងកម្លាំងប្រចាំការបង្ក្រាបទល្មើសនេសាទនៅឃុំពាមបាង ស្រុកស្ទោង
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញ ភារកិច្ច ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទនៅទិសភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរ។ ការដាក់របាំងសាច់អួន និងរបាំស្បៃមុងខុសច្បាប់ ត្រូវបានកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាបនិងបំផ្លាញចោលនូវឧបករណ៍នៃសាទខុសច្បាប់បានជាបន្តបន្ទាប់ ។ ប៉ុន្តែបទល្មើសនេសាទ នៅតែបន្តកើតឡើង ដោយក្រុមជនល្មើសមួយចំនួននៅតែបន្តលបលួច ដាក់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយបំផ្លាញធនធានមច្ឆជាតិ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនទូទៅ រាប់លាននាក់ ។
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះ ព្រមទាំងអាជ្ញាធរដែនដី ដោយបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់។ ក្នុងន័យនេះ កំលាំងត្រូវត្រួតពិនិត្យ និងមានវិធានការបង្ក្រាបការដាក់របាំងស្បៃអួនខុសច្បាប់ និងខុសពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសកម្មភាពលួចឆក់ត្រីតាមគ្រប់រូបភាព ហើយដាច់ខាតត្រូវការពារឲ្យបានតំបន់ឡូត៍អភិរក្សពូជត្រី ដើម្បីឲ្យផលត្រីនសំបូរឡើងវិញនៅក្នុងរដូវវស្សាខាងមុខនេះក៏ដូចជានៅបណ្ដាឆ្នាំខាងមុខទៀត៕
អត្ថបទដោយ៖ cambodia-nation-media