ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានមានប្រសាសន៍ថា ភាគីចិនគឺគាំទ្រ ជាពិសេសគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់ ហើយភាគីចិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការសាងសង់ព្រែកជីកនេះ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
ជាការឆ្លើយតប ទាក់ទងទៅនឹងការឆ្លើយតបរបស់ឯកឧត្តម ស៊ី ជីនពីង ចំពោះការគាំទ្រព្រែកជីកហ្វូណនតេជោ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងដោយសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះឯកឧត្តមប្រធានាធិបតី ដែលបានបង្ហាញនូវការគាំទ្រចំពោះការកសាងព្រែកជីកហ្វូណនតេជោ ហើយសម្ដេចបានបញ្ជាក់អំពីសារៈសំខាន់ នៃព្រែកជីកនេះ ដែលបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ហើយជាផលចំណេញសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។