វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ត្រូវបានរដ្ឋាភិបាលកម្ពុជាកំណត់យកជាវិស័យអាទិភាពដើម្បីជំរុញការវិនិយោគ ក្នុងខេត្តនៅភូមិភាគឦសាន ចាប់ពីឆ្នាំ២០២៥-២០២៨ ខណៈក្នុងអាណត្តិមុនៗរាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដើម្បីតភ្ជាប់ទៅតំបន់ឆ្ងាយៗ។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយស្តីពី«ការដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ដែលមានគោលបំណងដាក់ទិសដៅអាទិភាពវិនិយោគ និងអភិវឌ្ឍឆ្ពោះទៅទិសឦសាន។
នេះជាការគិតគូរដែលមានលក្ខណៈជាយុទ្ធសាស្រ្ត ពោលគឺជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចចំពោះបណ្តាខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិ។ ខេត្តទាំង ៤ នៅភូមិភាគឦសាន រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
ឯកសារបានបញ្ជាក់ថា កម្មវិធីពិសេសនេះ នឹងក្លាយជាទិសដៅគោលនយោបាយដែលមានសារៈសំខាន់មិនត្រឹមតែជំរុញការវិនិយោគ និងអភិវឌ្ឍន៍ភូមិភាគឦសានប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចូលរួមពង្រីកមូលដ្ឋានសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យគន្លឹះ ព្រមទាំងជាប្រភពកំណើនថ្មីរបស់សេដ្ឋកិច្ចជាតិ ស្របតាមសេចក្តីប៉ងប្រាថ្នារបស់រដ្ឋាភិបាល ដូចដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ។
ឯកសារបានសរសេរថា៖«កម្មវិធីពិសេសនេះ គឺជាឯកសារដ៏មានសារៈសំខាន់ក្នុងការចង្អុលបង្ហាញវិស័យអាទិភាពចំនួន ៣ រួមមាន កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលស្របតាមទាយជ្ជទាន(ធនធាន)ដែលមានស្រាប់របស់ខេត្តទាំង ៤ ដែលគួរជំរុញការវិនិយោគបន្ថែម ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល។
កម្មវិធីពិសេសនេះ បានគូសបញ្ជាក់យ៉ាងច្បាស់នូវការលើកទឹកចិត្តដ៏ច្រើនដែលរាជរដ្ឋាភិបាលអាចផ្តល់ជូនផ្នែកឯកជន ហើយក៏មានការគិតគូរពីការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ, ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជនផងដែរ»។
ដកស្រង់ភ្នំពេញប៉ុស្តិ៍