ទិន្នន័យរបស់ CRF បង្ហាញថា នៅក្នុងរយៈពេល ៣ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករ ចំនួន ២១១ ០៥៨ តោន គិតជាទឹកប្រាក់ចំនួន ១៦០,៥១ លានដុល្លារ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៥។
កម្ពុជាបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បរិមាណអង្ករចំនួន ១០៦ ៥១៣ គិតជាទឹកប្រាក់ចំនួន ៨៤.៨៣ លានដុល្លារ; ទៅកាន់ប្រទេសអាហ្វ្រិក មជ្ឃឹមបូព៌ាចំនួន ៣១ ៨០១ តោន គិតជាទឹកប្រាក់ ២៨.១៤ លានដុល្លារ; ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ៣៧ ៨២១ តោន គិតជាទឹកប្រាក់ ២២.៥៩ លានដុល្លារ និងប្រទេសមាជិកអាស៊ាន ៣៤ ៩២៣ តោន ដែលមានទឹកប្រាក់ ២៤.៩៥ លានដុល្លារ។
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន អេមរុរ៉ាយស៍ បានឱ្យដឹងថា ប្រភេទអង្ករនាំចេញ មានអង្ករក្រអូប ៨១.៣៨% ប្រភេទអង្ករស គ្រាប់វែង ១៣.៦០% ប្រភេទអង្ករចំហុយ ២.៦០% អង្ករសរីរាង្គ ១.៩៣% និងអង្ករផ្សេងៗចំនួន ០.៤៩%។ ក្នុងរយៈពេល ៣ ខែ កម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៤៤០ ៥២៤ តោន ដែលគិតជាទឹកប្រាក់ ៥៧៥,៣២ ដុល្លារអាមេរិក។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជា បានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោន ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។
នៅឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន ទៅកាន់គោលដៅចំនួន៦៨ គិតជាទឹកប្រាក់ជិត ៥០០ លានដុល្លារ (៤៩១,១៩)។ យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញនូវផលិតផលកសិកម្មដំណាំជាង ១២ លានតោន ទៅកាន់ទិសដៅ ៩៥ ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ ពាន់លានដុល្លារអាមេរិក៕
ដកស្រង់ពីកម្ពុជាថ្មី