ព្រះខ័នរាជស្វាយរៀង ជួបក្រុមខ្លាំងមកពីតួកម៉េនីស្ថាន Arkadag នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFC Challenge League 2024/25 ក្រោយបំបាក់ក្រុមខ្លាំងមកពីឥណ្ឌូណេសុី Madura United FC សរុបទាំងពីរជើង លទ្ធផល ៦-៣

 កីឡា
 ១៧ មេសា ២០២៥
 88
ក្រុមបាល់ទាត់របស់ព្រះរាជាណាចក្រកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមមកពីប្រទេស តួកម៉េនីស្ថាន Arkadag នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ AFC Challenge League 2024/25 ក្រោយបំបាក់ក្រុមខ្លាំងមកពីប្រទេសឥណ្ឌូណេសុី Madura United FC នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសរុបទាំងពីរជើង លទ្ធផល ៦-៣។ បញ្ចប់ការប្រកួតជើងទី២ នៅទឹកដី ម៉ាឌូរ៉ា ក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើ ៣-៣ នឹងម្ចាស់ផ្ទះ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងវគ្គទី១ ៤៥នាទីដំបូងក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង បាននាំមុខលើម្ចាស់ផ្ទះ ម៉ាឌូរ៉ា យូណាយធីត អេហ្វសុី ដោយលទ្ធផល ២-១។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេសុីល Silva Gabriel ជាអ្នកបើកឆាករកបានគ្រាប់បាល់ដំបូង នៅនាទី៥។ រំលងបាន ២២នាទីក្រុមម្ចាស់ផ្ទះវាយបកតាមស្មើនៅនាទី២៧ ដោយខ្សែការពារតំបន់កណ្តាល Pedro Monteiro បន្ទាប់ពីទទួលបានបាល់ពីខ្សែប្រយុទ្ធ Lulinha។ ការតាមស្មើរបស់ក្រុមម្ចាស់ផ្ទះមិនទាន់បាន១នាទីផង ខ្សែប្រយុទ្ធរបស់ក្រុមភ្ញៀវ Bounphachan Bounkong បានរកគ្រាប់បាល់នាំមុខសាជាថ្មីនៅនាទី២៧ បន្ទាប់ពីទទួលបាល់ពីខ្សែបម្រើប្រយុទ្ធ Silva Gabriel។
ឈានចូលដល់វគ្គទី២ ក្រុមទាំងពីរបន្តសម្រុកគ្នាចុះឡើងរហូតទម្លាយសំណា់ទីគ្នាទៅវិញទៅមកកើតមានគ្រាប់រហូតដល់ទៅ៣គ្រាប់។ នៅនាទី៥៦ ខ្សែបម្រើរបស់ ព្រះខ័នរាជស្វាយរៀង មិន រតនៈ ទម្លាយសំណាញ់ទី១គ្រាប់ បន្ទាប់ពីខ្សែបម្រើស្លាបឆ្វេង ញាណ សុសុីដាន បញ្ជូនដល់។ រំលងបាន២នាទី ក្រុមម៉ាឌូរ៉ា តាមបាន១គ្រាប់មកវិញដែរនៅនាទី៥៨ ដោយខ្សែប្រយុទ្ធ Andi Irfan។ ចូលដល់នាទី៧៦ ម្ចាស់ផ្ទះ ម៉ាឌូរ៉ា បង្កើតឱកាសរកបានគ្រាប់បាល់តាមស្មើ ភ្ញៀវព្រះខ័នរាជស្វាយរៀង ៣-៣ ដោយបាល់ Own Goal។
បញ្ចប់ការប្រកួត ម្ចាស់ផ្ទះ Madura United បានត្រឹមស្មើ ៣-៣ នឹងភ្ញៀវព្រះខ័នរាជស្វាយរៀង ខណៈគ្រាប់បាល់សរុបទាំងពីរជើង ចាញ់ព្រះខ័នរាជស្វាយរៀង ៦-៣។ ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវទៅជួបក្រុមខ្លាំងមកពីប្រទេស តួកម៉េនីស្ថាន Arkadag នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ AFC Challenge League 2024/25៕

អត្ថបទដោយ៖ cambodia-nation-media