ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួម កម្មវិធីបើកការតាំងពិព័រណ៍ការអភិវឌ្ឍបៃតង កម្មវិធីបើកកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង
(ហាណូយ): នារសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរោង សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកម្មវិធីបើកការតាំងពិព័រណ៍ការអភិវឌ្ឍបៃតង កម្មវិធីបើកកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ក្រោមប្រធានបទ «ភាពជាដៃគូសកលសម្រាប់បរិវត្តកម្មបៃតងប្រកបដោយបរិយាប័ន្ន និរន្តរភាព នវានុវត្តន៍ និងផ្តោតលើមូលធនមនុស្ស» និងសម័យប្រជុំពេញអង្គកម្រិតខ្ពស់ ក្រោមប្រធានបទ «ការផ្លាស់ប្ដូរបៃតងដោយផ្ដោតលើមនុស្ស និងនិរន្តរភាព» នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំលើកទី៤ P4G ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម តូឡឹម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្ដម ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានគណៈប្រតិភូចូលរួមចំនួន ៤៦ ប្រទេស/ស្ថាប័ន។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសម័យប្រជុំពេញអង្គកម្រិតខ្ពស់ ក្រោមប្រធានបទ «ការផ្លាស់ប្ដូរបៃតងដោយផ្ដោតលើមនុស្ស និងនិរន្តរភាព»។ អត្ថបទដោយ៖ cambodia-nation-media