បោះជំហានទៅមុខតាមពេលវេលា និងទាញយកប្រយោជន៍ពីសភាពការណ៍ជាក់ស្ដែង – សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានរដ្ឋចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា
ឆ្លើយតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ស៊ី ជីនពីង ប្រធានរដ្ឋចិន បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចាប់ផ្ដើ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃនេះ។ នេះគឺជាដំណើរទស្សនកិច្ចមកកាន់ទឹកដីកម្ពុជាជាថ្មីម្តងទៀតបន្ទាប់ពីដំណើរទស្សនកិច្ចកាលពីឆ្នាំ២០១៦ ដែលជាការបន្តទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ និងជាចំណុចស្នូលដ៏សំខាន់មួយទៀតក្នុងដំណើរការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងក្ដីរំពឹងទុកដោយស្មោះអស់ពីចិត្តចំពោះដំណើរទស្សនកិច្ចនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន បានបន្តស៊ីជម្រៅ ទំនុកចិត្តផ្នែកនយោបាយរឹងមាំដូចថ្ម ហើយ កិច្ចសហប្រតិបត្តិការជាក់ស្តែងបានផ្តល់ផ្លែផ្កាជាច្រើន។ ភាគីចិនតែងតែចាត់ទុកកម្ពុជាជាមិត្តជិតស្និទ្ធ និងជាដៃគូសំខាន់ ហើយភាគីកម្ពុជាចាត់ទុកចិនជាដៃគូអភិវឌ្ឍន៍ដែលគួរឱ្យទុកចិត្តបំផុត និងជាបងប្អូនជិតខាងល្អ។ ការពិតបានបង្ហាញថា ទោះបីជាស្ថានភាពអន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ទំនាក់ទំនងកម្ពុជា-ចិន តែងតែបោះជំហានទៅមុខយ៉ាងរឹងមាំ ដែលជាគំរូនៃសមភាព ជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសធំ និងប្រទេសតូច។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម ស៊ី ជីនពីង ប្រធានរដ្ឋចិន មកកាន់កម្ពុជានៅឆ្នាំ២០១៦ បានផ្តល់នូវសន្ទុះដែលមិនធ្លាប់មានពីមុនមកដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ក្រោមការដឹកនាំនៃគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" ភាគីចិនបានគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា និងជួយជំរុញការកសាងទំនើបកម្មជាតិរបស់កម្ពុជាឱ្យកាន់តែលឿនទៅមុខ។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនបានសម្រេចជាបន្តបន្ទាប់ ដូចជា ការសាងសង់ និងដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានផ្លាស់ប្តូរទាំងស្រុងនូវស្ថានភាពនៃការដឹកជញ្ជូនក្នុងខេត្តនៅតាមបណ្តោយផ្លូវល្បឿនលឿន។ ការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានជួយជំរុញឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឱ្យមានជីវិតថ្មី។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងរីកចម្រើនជាលំដាប់ និងបានក្លាយជាវេទិកាសំខាន់សម្រាប់ការទាក់ទាញការវិនិយោគ និងបង្កើតការងារ។
កិច្ចសហប្រតិបត្តិការកសិកម្មបានបន្តស៊ីជម្រៅ ហើយផលិតផលកសិកម្មដែលមានគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើនត្រូវបាននាំចេញដោយជោគជ័យទៅកាន់ប្រទេសចិន។ ផ្លែឈើដូចជា ចេក ស្វាយ មៀន ដូង ជាដើម ត្រូវបានអ្នកប្រើប្រាស់ចិនពេញចិត្តយ៉ាងខ្លាំង ដែលមិនត្រឹមតែពង្រីកទីផ្សារនាំចេញរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជំរុញការកែលម្អប្រសិទ្ធភាពសេដ្ឋកិច្ចជនបទ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់កសិករទូទៅផងដែរ។
ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ដួងចិត្តប្រជាជនឱ្យកាន់តែជិតស្និទ្ធ
សកម្មភាព "ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ឆ្នាំ ២០២៤" មានភាពរស់រវើក និងគួរឱ្យចាប់អារម្មណ៍។ កិច្ចសហប្រតិបត្តិការភាពយន្ត និងកម្មវិធីទូរទស្សន៍ ការបណ្តុះបណ្តាលអប់រំ និងគម្រោងភាសា និងវប្បធម៌បានបន្តពង្រីក ដែលធ្វើឱ្យគ្រឹះនៃមិត្តភាពរវាងប្រទេសទាំងពីរចាក់ឫសយ៉ាងជ្រៅក្នុងចិត្តប្រជាជន និងបន្តពីមួយជំនាន់ទៅមួយជំនាន់។
ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់សន្តិសុខ កម្ពុជា និងចិនបានរួមគ្នាផ្តួចផ្តើមយុទ្ធនាការពិសេស "កណ្តាប់ដៃដែក" ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញឆ្លងដែន ការលាងលុយកខ្វក់ និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរក្នុងការរួមគ្នាថែរក្សាសន្តិសុខសង្គម។ នេះមិនត្រឹមតែបានកសាងរបាំងការពារសន្តិសុខដ៏រឹងមាំសម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីការទទួលខុសត្រូវផ្នែកនយោបាយរបស់ភាគីទាំងពីរក្នុងការកសាងសហគមន៍សន្តិសុខរួមគ្នាផងដែរ។
ភាគីកម្ពុជាវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយប្រទេសចិន ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ និងគាំទ្រយ៉ាងមុតមាំចំពោះការអះអាងសមហេតុផលរបស់ភាគីចិនក្នុងកិច្ចការក្នុងតំបន់ និងអន្តរជាតិ។ ភាគីកម្ពុជាជឿជាក់យ៉ាងមុតមាំថា ប្រទេសចិនដែលរួបរួម រីកចម្រើន និងមានស្ថិរភាព មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សុខុមាលភាពរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបន្តផ្តល់ឱកាសកិច្ចសហប្រតិបត្តិការ និងសន្ទុះអភិវឌ្ឍន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ។* អត្ថបទដោយ៖ cambodia-nation-media