ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថាវិស័យគុនខ្មែរនាពេលបច្ចុប្បន្នកំពុងតែរីកចំរើនទៅមុខ។ ឯកឧត្តមបានមានប្រសាន៍បែបនេះក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ” ដែលបានធ្វើឡើងនៅសាលប្រជុំមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ(ស្អាតចាស់)។

នាពិធីបិទនោះដែរក៏មានមានវត្តមានចូលរួមពីសំណាក់ លោក ប៉ែន វទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោក ម៉ិល កាដូ ប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងលោក អនុប្រធានសហព័ន្ធ សមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធ អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងមន្រ្តីលេខាធិការដ្ឋាន និងសិក្ខាកាមចូលរួមចំចំនួន៣០នាក់ ស្រី ០១នាក់ អញ្ជើញមកពីតាមក្រុមទាំង ០៦ បាននឹងកំពុងចូលរួមដឹកនាំការប្រកួតនៅតាមស្ថានីយ៍ទូរទស្សន៍ និងតាមខេត្តដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំជារៀងរាល់សប្តាហ៍ ក៏ដូចជាព្រឹត្តិការណ៍ធំៗជាតិ និងអន្តរជាតិ។
ឯកឧត្តម តែម ម៉ឺន បានមានប្រសាសន៍ថា វគ្គបំប៉នសមត្ថភាពនេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនផែនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិ។ បច្ចុប្បន្ននេះសកម្មភាពប្រភេទកីឡាប្រដាល់គុនខ្មែរកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយតាមរយៈវគ្គបំប៉ននេះនឹងជំរុញបន្ថែមដល់ដំណើរការអភិវឌ្ឍជំនាញកីឡាប្រពៃណីជាតិខ្មែរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របពេលសហព័ន្ធកីឡាប្រដាល់គុនខ្មែរតែងតខិតខំសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋជាអ្នកគាំទ្រ។
ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានប្តេជ្ញាបន្តជំរុញឲ្យវិស័យកីឡាប្រដាល់គុនខ្មែរកាន់តែដើរទៅមុខទាំងថ្នាក់ជាតិ និងអន្តរជាតិ ការគ្រប់គ្រងការប្រកួត ការងារបច្ចេកទេស ប៉ុន្តែយើងទាំងអស់គ្នាមានមោទនភាព នៅពេល យើងទាំងអស់គ្នាបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ យ៉ាងណា ការប្រកួតមានលក្ខណៈល្អប្រសើរច្រើន ខណៈការតវ៉ាចំពោះអាជ្ញាកណ្តាល ចៅក្រមនៅមានចំនួនតិចតួច ដោយទាំងនេះសរបញ្ជាក់អំពីសកម្មភាពអនុវត្តការងារបច្ចេកទេសរបស់មន្ត្រីអាជ្ញាកណ្តាលចៅក្រមមានចំណេះជំនាញច្បាស់លាស់លើប្រភេទកីឡាប្រដាល់គុនខ្មែរនេះ៕