ជំនួយរបស់រដ្ឋាភិបាលចិន នៅកម្ពុជាផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងជម្រុញការអភិវឌ្ឈនៅកម្ពុជា
ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កាន់តែស៊ីជម្រៅ និងទទួលបានលទ្ធផលផ្លែផ្កា។ រាល់ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន នៅកម្ពុជាខ្លះជាជំនួយឥតសំណង និងខ្លះទៀតជាកម្ចីដែលមានការប្រាក់ទាប ហើយជំនួយភាគច្រើនផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ពន្ធ័ មានផ្លូវ និងស្ពានជាដើម។ ក្រៅពីនេះក៏មានកិច្ចសហប្រតិបត្តិការក្នុងរូបភាព BOT រវាងក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ផងដែរ ក្នុងនោះមានគំរោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុជាដើម។ តាមរយៈជំនួយ ឬកម្ចី ឬBOT សុទ្ធតែផ្តល់ភាពចំណេញ និងពន្លឿនការរីកលូតលាស់ នៃសេដ្ឋកិច្ចរបស់កម្ពុជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៖
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ដែលមានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ ដែលតភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទីក្រុងកំពង់ផែសមុទ្រដ៏ធំជាងគេរបស់កម្ពុជា គឺកំពង់ផែស្វ័យ័ត្រខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានវិនិយោគសាងសង់ និងដំណើរការដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (China Road and Bridge Corporation) ហើយបានដាក់ឱ្យដំណើរការសាកល្បង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២២ ដោយBOT។
អត្ថប្រយោជន៍ នៃផ្លូវល្បឿនលឿននេះ គឺការកាត់បន្ថយពេលវេលាពី៨ម៉ោង (សំរាប់ផ្លូវជាតិលេខ៤) មកនៅត្រឹមជាង២ ម៉ោង ដែលនេះជាការចំណេញថវិកាក្នុងការធ្វើដំណើររបស់ប្រជាជន និងការដឹកជញ្ជូនទំនិញទៅមក។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានមាន ប្រសាសន៍ថា រដ្ឋាភិបាលចិនបានជួយកម្ពុជា ក្នុងការសាងសង់ផ្លូវជាតិជាង ៣០០០គីឡូម៉ែត្រ និងស្ពានធំៗចំនួន៩ និងស្ពានតូចៗឆ្លងកាត់ដៃទន្លេ ដែលសមិទ្ធិផលនេះបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពដឹកជញ្ជូនក៏ដូចជាការធ្វើដំណើរក្នុងប្រទេសព្រមទាំងជំរុញការតភ្ជាប់ និងការអភិវឌ្ឍន៍រួមគ្នាជាមួយប្រទេសជិតខាងក្នុងតំបន់ផងដែរ។
ក្រៅពីផ្លូវល្បឿនលឿនដែលជាការវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារងាកទៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក៏ជាគំរោងវិនិយោគដ៏ធំសម្បើមផងដែរដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ គឺជាតំបន់ពហុសេដ្ឋកិច្ចថ្នាក់ជាតិដែលបណ្តុំដោយរោងចក្រ និងឧស្សាហកម្មជាច្រើនដែលជាកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃរដ្ឋាភិបាល នៃប្រទេសទាំងពីរដែលមានផ្ទៃដីសរុប១១,១៣ គីឡូម៉ែត្រការ៉េ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មកដល់ពេលនេះបានដំណើរការជាង១០ឆ្នាំមកហើយ និងមានរោងសហគ្រាស ចំនួន១៧៥ បានចូលមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដោយបានបង្កើតការងារជាង៣ម៉ឺនកន្លែង ដល់ប្រជាជនកម្ពុជា។
សូមជំរាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានថ្លែងនៅក្នុងពិធីបើកសម្ពោធពិព័រណ៍សមិទ្ធផលនៃខួប១០ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាផ្នែកដ៏សំខាន់មួយ នៃសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ហើយថាក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវនេះបានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់របស់កម្ពុជា។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានយកចិត្តទុកដាក់លើការកសាងតំបន់បៃតង អន្តរជាតិ និងសួនឧស្សាហកម្មរីករាយ ដោយមានការសាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ទំនើបបំផុតនៅកម្ពុជា និងបានបំពាក់នូវអគារមជ្ឈមណ្ឌលសេវាកម្មរួមអគារស្នាក់នៅបុគ្គលិក និងអន្តេវាសិកដ្ឋានកម្មករ ដែលបានលើកកម្ពស់កម្រិតសេវាកម្មទូទៅ នៃតំបន់សេដ្ឋកិច្ចពិសេសនេះ។
សរុបមកសមិទ្ធិផល ដែលបានកើតឡើងនៅលើទឹកដីកម្ពុជា ពីសំណាក់រដ្ឋាភិបាល និងវិនិគិនចិន គឺបានបង្ហាញច្បាស់ ពីកិច្ចសហប្រតិបត្តិការ សម្លឹងមើលទៅអនាគតរវាងកម្ពុជា-ចិន ដែលមិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាព រីកចំរើន និងកិច្ចអភិវឌ្ឈន៍ នៃវិស័យសេដ្ឋកិច្ចរួម និងការដឹកជញ្ជូនផ្លូវគោកពីតំបន់មួយទៅតំបន់មួយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ ដែលបានពូនជ្រុំឡើងដោយ ព្រះបរមរតនកោដ្ឋក្នុងស័យមេដឹកនាំចិន លោកប្រធានម៉ៅសេទុង និងបន្តដោយថ្នាក់ដឹកនាំចិនជាច្រើនជំនាន់ ព្រមទាំងបន្តកាន់តែរឹងមាំ និងឈានដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្លាយជាទំនាក់ទំនងដែកថែប និងត្បូងពេជ្រ ជាសហគមន៍ជោគវាសនារួមក្រោមគំនិតផ្តួចផ្តើម (ខ្សែក្រវ៉ាត់ និងផ្លូវ) ក្នុងយុគសម័យតេជោសែន ហើយត្រូវបានបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន៕ អត្ថបទដោយ៖ cambodia-nation-media