AFC៖ គ្រូបង្វឹក Madura ថាសង្ឃឹមស្មើ ព្រះខ័នរាជស្វាយរៀង នៅទឹកដីឥណ្ឌូណេសុី

 កីឡា
 ១១ មេសា ២០២៥
 309
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកក្រុមបាល់ទាត់ ម៉ាឌូរ៉ា យូណាយធីត អេហ្វសុី លោក Angel Afredo នៅមានក្តីសង្ឃឹមថាក្រុមរបស់លោកនឹងអាចយកបានលទ្ធផលស្មើវិញនៅជើងទី២ ខណៈជើងទី១របូត៣គ្រាប់ក្នុងដីព្រះខ័នរាជស្វាយរៀង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25។
លោក Angel Afredo និយាយថា៖«សម្រាប់ក្រុមរបស់ខ្ញុំគឺនៅសល់ ៩០នាទីក្នុងដីដែលមានអ្នកគាំទ្ររបស់យើង ហើយខ្ញុំក៏សង្ឃឹមថា យ៉ាងហោចណាស់យើងនឹងអាចបានលទ្ធផលតាមស្មើនៅក្នុងដីរបស់យើង»។ គ្រូបង្វឹកក្រុមមកពីប្រទេសឥណ្ឌូណេសុី ដដែលបន្តថា ការប្រកួតទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង ជាការប្រកួតដ៏ល្អ តែសម្រាប់ក្រុមមិនបានលេងនូវអ្វីដែលបានរៀបចំទុកឡើយ។
បើនិយាយពីកត្តានៃការរំខានផ្សេងៗគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក អាហ្រេដូ លើកឡើងថាមិនមានអ្វីឡើយ ព្រោះទីលានល្អហើយ ហើយបើនិយាយពីកត្តាស្មៅមិនមែនជាបញ្ហាឡើយ។ «សម្រាប់រឿងស្មៅខ្ញុំគ្មានគំនិតអ្វីនោះទេ។ បើលេងមិនបានល្អយើងមិនអាចបន្ទោសមកពីគុណភាពស្មៅឡើយ»។ នេះជាការយល់ឃើញរបស់លោក Afredo។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/25 ជើងទី១ ក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះភ្ញៀវ ម៉ាឌូរ៉ា យូណាយធីត ក្នុងលទ្ធផល ៣-០។ សម្រាប់ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេសុី៕

អត្ថបទដោយ៖ cambodia-nation-media