ស្នងការខេត្តកំពង់ធំ ត្រៀមលក្ខណៈរួចរាល់ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 សង្គម
 ១០ មេសា ២០២៥
 75
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថាស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រៀមខ្លួនរួចជាស្រេច និងដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សម្រាប់ការងារ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកាន់តែខិតជិតចូលមកដល់ នាពេលខាងមុខនេះ។
​ លោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពង់ធំ បានឱ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស២០២៥ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥ ហេីយស្នងការដ្ឋាននគរបាលខេត្ត ត្រៀមប្រើប្រាស់កម្លាំងនគរបាលចំនួន ១,២៦៩នាក់,ឡានសារ៉ែនចំនួន ១៥គ្រឿង,រថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង,រថយន្តសង្គ្រោះបន្ទាន់ចំនួន ១០គ្រឿង ម៉ូតូប្រដេញចំនួន ១៨គ្រឿង, ម៉ូតូបេីកល្បាតចល័តចំនួន ២៥០គ្រឿង, វិទ្យុទាក់ទង ចំនួន ១,២២៥គ្រឿង ដើម្បីការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ តាមទីប្រជុំជន វត្តអារាម ទីកម្សាន្តសប្បាយនានាក្នុងខេត្តកំពង់ធំ។
​ ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការខេត្តកំពង់ធំ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តអោយចូលរួមសហការ និងបង្កើនការយកចិត្តទុកដាក់លើបញ្ហា ០៤រួមមាន÷
១-គ្រឿងបំពងសម្លេង : ហាមដាច់ខាត ការដុតផាវ កាំជ្រួច ដែលបង្ករឲ្យមានជាសម្លេងផ្ទុះផ្សេងៗ បណ្តាលឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ, ២-បញ្ហាអគ្គិភ័យ មុនចាកចេញពីផ្ទះ សូមបងប្អូនពិនិត្យ បិទ ឫពន្លត់ភ្លើងធូប ភ្លើងទៀន ភ្លើងចង្ក្រាន បិទតុងតាក់ឧបករណ៍ ចម្លងចរន្តអគ្គិសនី, ៣-បញ្ហាចរាចរណ៍ផ្លូវគោក :​មុនពេលធ្វើដំណើរសូមបើកបរ ពិនិត្យឧបករណ៍ បច្ចេកទេសយានយន្ត របស់អស់លោកអ្នក គោរព អនុវត្តច្បាប់ចរាចរណ៍ជាចំបង នៅពេលធ្វើដំណើរ តាមរយ:ទោចក្រយាន ត្រូវពាក់មួកសុវត្ថិភាព ដាក់គន្លឹសបានត្រឹមត្រូវ បើកបរប្រកបដោយសីលធម៌ សុជីវធម៌ យោគយល់ អធ្យាស្រ័យគ្នាទៅវិញ ទៅមក ជៀសវាងការបើកបរ ស្ថិតក្នុងស្ថានភាពស្រវឹង វ៉ាជែងលើចំនុចគ្រោះថ្នាក់ សំដៅ ថែរក្សាបាន​ នូវ​ អាយុ ជីវិត ទ្រព្យសម្បត្តិ​បងប្អូន​។
៤.ត្រូវគ្រប់គ្រង ថែរក្សា ទ្រព្យសម្បត្តិ វត្ថុមានតម្លៃ របស់ខ្លួនឲ្យបានគង់វង្ស ជាកិច្ចចុងក្រោយលោកស្នងការ បានប្រសិទ្ធពរជ័យ ជូនចំពោះ ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សូមទទួលបាន សេចក្តីសុខ សប្បាយ ត្រជាក់ជុំ ចំរ៉ុងចំរើន សុភមង្គល គ្រប់ក្រុមគ្រួសារ ធ្វើដំណើរទីជិតឬ ទីឆ្ងាយ ជួបប្រទះសុខសុវត្ថិភាពល្អ គ្រប់ពេលវេលា៕

អត្ថបទដោយ៖ cambodia-nation-media