មកទល់ពេលនេះការរុករករបស់ក្រុមកម្លាំងជួយសង្គ្រោះគ្រោះមហន្តរាយនៅប្រទេសថៃ នៅតែបន្តបេសកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃឥតឈប់ឈរ។ គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ នៅកណ្តាល ប្រទេសមីយ៉ាន់ម៉ា បានបញ្ចេញឥទ្ធិពលមកដល់ទីក្រុងបាងកក ប្រទេសថៃ និងបានធ្វើឱ្យអគារសវនកម្មរដ្ឋថៃ មានកម្ពស់ ៣០ជាន់ដួលរលំ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។
តួរលេខអ្នកស្លាប់ដោយការដួលរលំអគារសវនកម្មបានកើនឡើងជាបន្តបន្ទាប់។ មន្រ្តីជួយសង្គ្រោះជាតិថៃ បានបញ្ជាក់ថាយ៉ាងហោចណាស់មនុស្សចំនួន ២១នាក់បានបាត់បង់ជីវិត និង៧៣នាក់ទៀតនៅតែបាត់ខ្លួន និងស្ថិតក្នុងការស្វែងរកបន្ត។
ជាមួយនឹងការរុករកនេះដែរមន្រ្តីក្រុមជួយសង្គ្រោះថៃ បានលើកសរសើរចំពោះកម្មករកម្ពុជាមួយរូបដែលបានលះបង់កម្លាំងកាយចិត្តចូលរួមជួយសង្គ្រោះនៅគំនរបាក់បែកនៃអគារសវនកម្មនោះ។ បើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃឈ្មោះ The Markets បានសរសេរថា មិនមែនតែជនជាតិថៃទេដែលចេះជួយគ្នា។ ជនជាតិខ្មែរម្នាក់ក៏បានចូលរួមដែរ។
«គ្រាន់តែឃើញតាមព័ត៌មានក៏ដឹងថាអ្នកស្ម័គ្រចិត្តថៃច្បាស់ជានឿយហត់ណាស់។ ខ្ញុំប្រហែលជាមិនមានជំនួយផ្នែកហិរញ្ញវត្ថុទេ ប៉ុន្តែខ្ញុំមានសមត្ថភាពក្នុងការបើកអេស្កាវ៉ាទ័រ ដូច្នេះខ្ញុំចង់ស្ម័គ្រចិត្តធ្វើជាផ្នែកមួយជួយបងប្អូនថៃយកមនុស្សខាងក្នុងចេញពីគំនរបាក់បែក។ ទោះបីជាយើងមានជាតិសាសន៍ខុសគ្នាក៏ដោយ។ ខ្ញុំមកដោយបេះដូង ហើយខ្ញុំនឹងជួយរហូតដល់បេសកកម្មត្រូវបានសម្រេច»។ នេះជាការលើកឡើងរបស់ពលរដ្ឋខ្មែរមានឈ្មោះថា វ៉ាន់ ឬអ្នកលេងបណ្តាញសង្គមនិយមហៅថា ប្រូវ៉ាន់ Bro Vann៕