ថ្លែងក្នុងបទម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយធីអេហ្វ(Tekwando ITF) បានបញ្ជាក់ថា គោលបំណងនៃការរៀបចំឱ្យយុវជនថ្នាល់ដែលមានអាយុចាប់ពី១០ឆ្នាំឡើងចូលរួមប្រកួតអន្តរជាតិគឺក្នុងគោលបំណងដើម្បីចម្រាញ់យកជើងខ្លាំងដ៏ពិតប្រាកដ និងបន្ស៉ាំភាពក្លាហានឱ្យបានមាំទាំល្អពីតូចៗទៅ។
«យើងដាច់ខាតត្រូវរៀបចំឱ្យមានកម្រិតក្មេងៗចាប់ពី១០ឆ្នាំឡើង យើងមានធនធានច្រើន។ អ៊ីចឹង! យើងនឹងលៃមួយដើម្បីឱ្យក្មេងៗបានចូលរួមប្រកួតក្នុងគោលបំណងសំខាន់ឱ្យក្មេងៗគាត់ចូលលេងកម្រិតអន្តរជាតិឱ្យហើយ លេងជាមួយបណ្តាប្រទេសផ្សេងៗឱ្យហើយ»។ ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ដូច្នេះ មុនបន្តថាការឱ្យលេងគឺដើម្បីឱ្យយុវជនថ្នាលមានភាពក្លាហានសម្រាប់ការប្រកួតកម្រិតអន្តរជាតិនាថ្ងៃអនាគត។
ឯកប្រធានសហព័ន្ធមានប្រសាសន៍បញ្ជាក់បន្ថែមថា ការរៀបចំព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិគឺបានកំណត់រួចរាល់ដោយយកថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ «នៅក្នុងដែលយើងរៀបចំហើយច្បាស់លាស់ហើយគឺពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០។ ក៏ប៉ុន្តែមែនទែនគឺអាចចាប់ផ្តើមពីថ្ងៃទី២៥ ប្រទេសផ្សេងៗគេចូលមកស្នាក់នៅ ថ្លឹងទម្ងន់ជាដើម»។
សូមបញ្ជាក់ផងដែរថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ អាយធីអេហ្វ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នឹងធ្វើឡើងនៅទឹកដីកម្ពុជា ពីថ្ងៃទី២៥ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយមានប្រទេសចំនួន០៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន កម្ពុជា ម្ចាស់ផ្ទះ ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរី ខណៈវៀតណាម មិនទាន់បានបញ្ជាក់ពីការចូលរួម៕