AFC៖លោក Pep Muñoz ជឿជាក់ចំពោះទម្រង់លេងរបស់កូនក្រុមខ្លួន នាជំនួបទល់នឹងភ្ញៀវ Madura United FC

 កីឡា
 4 ថ្ងៃមុន
 77
លោក Pep Muñoz គ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង លើកឡើងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ថាទម្រង់លេងកូនក្រុមរបស់លោកគឺមានភាពល្អប្រសើរ ពិសេសការប្រកួតជាមួយនឹងក្រុមភ្ញៀវ ម៉ាឌូរ៉ា យូណាយធីត Madura United FC មកពីប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជើងទី១ពានរង្វាន់បាល់ទាត់ AFC Challenge League 2024/25។
បន្ថែមពីលើនោះទៀតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep បញ្ជាក់ថាដ្បិតការប្រកួតមានពីរជើងក៏ពិតមែនតែសម្រាប់ក្រុមគឺមិនអាចធ្វេសប្រហែសបានឡើយសម្រាប់ជំនួបជើងទីមួយនេះ។ អ្វីដែលសំខាន់គឺលោកសង្ឃឹមថាការប្រកួតទល់នឹងភ្ញៀវ ម៉ាឌូរ៉ា យូណាយធីត កូនក្រុមនឹងបង្កើននូវគុណភាព និងអភិវឌ្ឍន៍សមត្ថភាពបន្ថែម។
សូមបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមន៍ភ្ញៀវមកពីប្រទេសឥណ្ឌូណេស៊ី Madura United FC នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្លឹបអាស៊ី ២០២៤/២០២៥ (AFC Challenge League 2024/2025) ជើងទី១។

អត្ថបទដោយ៖ cambodia-nation-media