វីតាល់ និងមូលនិធិ២៥៛ ប្រារព្ធកម្មវិធីស្រង់ព្រះ និងសង្ឃហធម៌ដ៏ធំ ប្រចាំឆ្នាំទី៨នៅវត្តចំពុះក្អែកចំនួន១០០នាក់ និងព្រះសង្ឃជាង១៥០អង្គ
ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល បានបន្តផ្តួចផ្តើមរៀបចំកម្មវិធីស្រង់ព្រះជូនដូនចាស់ អញ្ជើញពីភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី សម្រាប់ឆ្នាំទី៨ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ ព្រះសមណកោសលមុនី ចាន់ សាវឿន ព្រះគ្រូសូត្រឆ្វេងនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) តំណាងព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក), លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនទឹកពិសាវីតាល់ ព្រមជាមួយថ្នាក់ដឹកនាំបុគ្គលិកវីតាល់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្ស ប្រមាណជិត៤០០
នាក់ នៅបរិវេណនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្មវិធីវីតាល់ស្រង់ព្រះជូនដូនចាស់ លើកទី៨ ជាកម្មវិធីដ៏ធំប្រចាំឆ្នាំនេះ ដែលផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយ និងទំនៀមទំលាប់ប្រពៃណីខ្មែរ តាមលំអានព្រះពុទ្ធសាសនា ក្នុងគោលគំនិតសម្តែងនូវការគោរព និងការតបស្នងសងគុណ ចំពោះលោកអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ និងផ្តល់ក្តីស្រលាញ់ ផ្តល់ការជួយយកអាសារដល់លោកតា លោកយាយ ដែលមានជីវភាពលំបាក និងមួយវិញ ទៀតដើម្បីផ្តល់នូវលទ្ធភាពជាសម្ភារៈ សំលៀកបំពាក់ថ្មី និងថវិកាជូនលោកតា លោកយាយ សម្រាប់ប្រើប្រាស់ក្នុងឱកាស ខិតជិតមកដល់នៃការអបអរ សាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
ព្រះសមណកោសលមុនី ចាន់ សាវឿន ព្រះគ្រូសូត្រឆ្វេងនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) មានសង្ឃដីកាពន្យល់អំពីអត្ថន័យនៃការស្រង់ព្រះ និងស្រង់ទឹកសុគន្ធវារីជូនចាស់ព្រឹទ្ធាចា្យ គឺជាពិធីមួយដ៏សំខាន់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីជម្រះនូវកាយចិត្ត ដែលមានអកុសលនៅក្នុងចិត្ត ពោលគឺត្រូវលាងឱ្យជ្រះនៅក្នុងឆ្នាំនេះ ដោយទឹកតំណាងភាពត្រជាក់ ដូច្នេះនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឱ្យគេ និង គេស្រោចឱ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបានភាពត្រជាក់ត្រជុំ សេចក្តីសុខររីកចម្រើន និងណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងជាអ្នកផ្តួចផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះបានថ្លែងថា សកម្មភាពនៃការរៀបចំកម្មវិធីវីតាល់ស្រង់ព្រះ ជូនដូនចាស់ប្រចាំឆ្នាំនេះ គឺកើតឡើងបានក៏ដោយសារការគាំទ្រពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្ម និងពិសេសគឺអតិថិជន ព្រមជាមួយប្រិយមិត្តរបស់វីតាល់ផ្ទាល់តែម្តង ដែលលោកតែងតែគាំទ្រជានិច្ចនូវសកម្មភាពសប្បុរសធម៌ដ៏ប្រពៃនេះជាច្រើនឆ្នាំរួចមកហើយ ។ ការគាំទ្ររបស់អតិថិជនវីតាល់គឺបានធ្វើឡើងដោយផ្ទាល់តាមរយៈការប្រើប្រាស់ វីតាល់ ដោយគ្រប់ៗ ដបនៃផលិតផលវីតាល់ គឺលោកអ្នកបានបរិច្ចាគថវិកាចំនួន ២៥រៀល ដល់មូលនិធិសម្រាប់ការអនុវត្តន៍ គម្រោង និងសកម្មភាពនានាដែលមានទំនាក់ទំនងទៅនឹងសសរស្តម្ភ ទាំង៤ រួមមាន៖ ការអប់រំ, បរិស្ថាន, សុខាភិបាល, សង្គមវប្បធម៌ជាដើម។
បន្ថែមពីនេះ លោកជំទាវ ក៏សូមចំណែកបុណ្យកុសល និងសេចក្តីល្អនេះផ្សាយនូវមេត្តាដល់ប្រិយមិត្តអ្នកប្រើប្រាស់ វីតាល់ សូមទទួលបានបុណ្យកុសលស្មើៗគ្នា។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ វីតាល់បានរៀបចំនូវកញ្ចប់ឧបត្ថម្ភជូនលោកតាលោកយាយ ប្រមាណ១០០ នាក់ដោយក្នុងម្នាក់ៗទទួលបាន វីតាល់, មីជាតិ, អង្ករ, សម្លៀកបំពាក់ថ្មី និងឃីត១ប្រអប់ រួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមជាមួយថវិកាថែមផងដែរ។ លើសពីនេះទៅទៀតលោកតា លោកយាយ ក៏ទទួលបានការពិសាភោជនីយអាហារយ៉ាងឈ្ងុយឆ្ងាញ់ រៀបចំនិងបម្រើយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារវីតាល់ទៀតផង៕
អត្ថបទដោយ៖ cambodia-nation-media