កីឡាការិនីឆ្នើមក្លិបបាល់ទាត់សៀមរាប ៤រូប ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិនារី ត្រៀមពានរង្វាន់ AFF Women’s Cup 2026
ភ្នំពេញ៖ ក្រុមកីឡាការិនីបង្គោល និងមានទម្រង់លេងលេចធ្លោប្រចាំសមាគមក្លិបបាល់ទាត់សៀមរាប (Siem Reap FC Women’s Team) ចំនួន ៤រូប ត្រូវបានកោះហៅឱ្យចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីឈុតធំ ដើម្បីត្រៀមលក្ខណៈប្រកួតក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន AFF Women's Cup 2026 នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខ។
ការកោះហៅនេះ បានបង្ហាញពីការរីកចម្រើន និងសមត្ថភាពដ៏រឹងមាំរបស់សមាគមក្លិបបាល់ទាត់សៀមរាប ក្នុងការបណ្តុះបណ្តាល និងពង្រឹងធនធានកីឡាការិនីក្នុងស្រុក រហូតអាចដណ្តើមបានកៅអីក្នុងក្រុមជម្រើសជាតិនារីកម្ពុជា។
សមាសភាពកីឡាការិនីទាំង ៤រូប ដែលមានឈ្មោះក្នុងបញ្ជីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជារួមមាន៖
១.ខ្សែការពារកណ្តាលឃីន រក្សា (Kin Reaksa) ៖ កីឡាការិនីមានដើមកំណើតនៅខេត្តកំពង់ស្ពឺ រូបនេះ បានផ្ទេរមកពីក្លិបណាហ្គាវើលដ៍ (NagaWorld)នៅក្នុងឆ្នាំ២០២៦។ នេះជាការបង្ហាញខ្លួនក្នុងរដូវកាលដំបូងរបស់នាងជាមួយក្លិបសៀមរាប ប៉ុន្តែនាងបានក្លាយជាកំពែងការពារដ៏រឹងមាំដែលមិនអាចខ្វះបាន។ កាលពីដើមខែមិថុនា ឆ្នាំ២០២៦ នេះ រក្សា ទើបតែបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ជាមួយក្រុមជម្រើសជាតិឈុតធំ ដោយរូបនាងទទួលបានទំនុកចិត្តខ្ពស់ពីគ្រូបង្វឹក តាមរយៈការដាក់ឱ្យចូលលេងជាជម្រើសដំបូង និងលេងពេញ ៩០នាទី គ្រប់ការប្រកួតទាំងពីរលើក ទល់នឹងក្រុមសិង្ហបុរី និងឥណ្ឌូណេស៊ី។
២. អ្នកចាំទីចិន សូវៀត (Chen Soveat) ៖ កីឡាការិនីកូនអ្នកខេត្តសៀមរាបរូបនេះ ធ្លាប់បានផ្ទេរទៅលេងឱ្យក្លិបវិសាខា មុននឹងសម្រេចចិត្តវិលត្រឡប់មកជួយស្រុកកំណើតវិញកាលពីឆ្នាំមុន។ បច្ចុប្បន្ន នាងជាប្រធានក្រុមម្នាក់ដែលដឹកនាំមិត្តរួមក្រុមលេងដោយភាពជឿជាក់។ ក្នុងរដូវកាលនេះ សូវៀត បង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយរបូតគ្រាប់បាល់តែ ៩គ្រាប់ប៉ុណ្ណោះ ដែលធ្វើឱ្យនាង និងអ្នកចាំទី Fariya របស់ក្លិបភ្នំពេញក្រោន ក្លាយជាអ្នកចាំទីដែលមានស្ថិតិល្អដាច់គេក្នុងលីគនារី។ នេះជាការវិលត្រឡប់មកកាន់ទ្រនំជម្រើសជាតិជាថ្មីសម្រាប់ឆ្នាំ២០២៦ បន្ទាប់ពីធ្លាប់មានបទពិសោធន៍ពីមុនមក។
៣. ខ្សែបម្រើការពារស្រ៊ុន ស្រីលក្ខណ៍ (Srun Sreyleak) ៖ កីឡាការិនីរូបនេះមានដើមកំណើតនៅខេត្តកំពង់ចាម និងកំពុងរួមរស់ជាមួយក្លិបបាល់ទាត់សៀមរាបជាឆ្នាំទី៣ ហើយ។ ស្រីលក្ខណ៍ ត្រូវបានគេស្គាល់ថាជាខ្សែបម្រើដែលមានបច្ចេកទេសលេងយ៉ាងប៉ិនប្រសប់ និងមានភាពឆ្លាតវៃក្នុងការកាត់ផ្តាច់ការលេងរបស់គូប្រកួត។ នាងធ្លាប់ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិជាច្រើនលើកមកហើយ រួមទាំងការកោះហៅក្នុងបេសកកម្មកាលពីខែមុនផងដែរ។
៤. ខ្សែបម្រើការពារស្លាបសតាំ នួន ស្រីនូ (Noun Sreynou) ៖ កីឡាការិនីរូបនេះ ជាគ្រាប់ពេជ្រវ័យក្មេងមួយរូបទៀតរបស់ខេត្តសៀមរាប។ ស្រីនូ ធ្លាប់ជាសមាជិកដ៏សំខាន់នៅក្នុងក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំ។ តាមរយៈទម្រង់លេងយ៉ាងលេចធ្លោ និងមានល្បឿនលឿននៅតំបន់ស្លាប បានរុញច្រានឱ្យនាងទទួលបានការកោះហៅឱ្យចូលរួមជាមួយក្រុមជម្រើសជាតិឈុតធំជាលើកដំបូងនៅក្នុងអាជីព។
ការរួមចំណែករបស់កីឡាការិនីទាំង ៤រូបនេះ មិនត្រឹមតែជាមោទនភាពសម្រាប់សមាគមក្លិបបាល់ទាត់សៀមរាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងការត្រៀមខ្លួនប្រយុទ្ធលើឆាកនៅក្នុងតំបន់ នៃពានរង្វាន់ AFF Women's Cup 2026 ខាងមុខនេះ ដើម្បីនាំយកជោគជ័យជូនជាតិមាតុភូមិ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុងពូល B ដែលការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះនៅប្រទេសម៉ាឡេស៊ី៕





អត្ថបទដោយ៖ cambodia-nation-media