សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលក្លែងបន្លំជាឧត្តមសេនីយ៍ឯក ឌី វិជ្ជាដើម្បីបោកប្រាស់ និងជំរិតទារប្រាក់បានជាង ១១ម៉ឺនដុល្លារ
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ.ត.ហ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថត និងឈ្មោះរបស់ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ មកធ្វើជាមធ្យោបាយគំរាមកំហែង និងជំរិតទារប្រាក់ពីប្រជាពលរដ្ឋ,។
តាមការស្រាវជ្រាវ ជនសង្ស័យរូបនេះបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥០លើក ដោយទទួលបានប្រាក់សរុបជាង ១១ម៉ឺនដុល្លារ,។ ល្បិចកលរបស់ជននេះ គឺបានតាមដានការបញ្ជាទិញទំនិញតាមរយៈការផ្សាយផ្ទាល់ (Live) លើហ្វេសប៊ុក រួចក្លែងបន្លំជាម្ចាស់ហាងទាក់ទងទៅជនរងគ្រោះដោយភូតកុហកថាមានបញ្ហាប្រព័ន្ធធនាគារ។ ប្រសិនបើជនរងគ្រោះមិនព្រមបង់ប្រាក់ដោះស្រាយ ជនសង្ស័យនឹងប្រើគណនីតេឡេក្រាមក្លែងបន្លំជាថ្នាក់ដឹកនាំនគរបាលជាតិ ដើម្បីគំរាមចាប់ខ្លួនជនរងគ្រោះតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។ ជាមួយគ្នានេះ អាជ្ញាធរក៏បានក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទាក់ទងតាមបណ្ដាញសង្គមដែលមិនមានប្រភពច្បាស់លាស់ និងត្រូវរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗក្នុងករណីមានការសង្ស័យណាមួយ។



អត្ថបទដោយ៖ cambodia-nation-media