សម្តេចធិបតី ហ៊ុន ម៉ាណែត៖រក្សាដដែលនូវការដំឡើងភាគលាភចំណូលទេសចរណ៍ជូនសហគមន៍ទូកទេសចរណ៍ចុងឃ្នៀស ទោះតម្លៃប្រេងចុះវិញនាពេលអនាគត
[ខេត្តសៀមរាប]៖ ក្រោយពីបានបញ្ចប់បេសកកម្មការងារ និងត្រឡប់មកពី កិច្ចប្រជុំនៅសហព័ន្ធរុស្សី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លៀតឱកាសនាំក្រុមគ្រួសារទៅ កម្សាន្តដោយជិះទូកទស្សនាទន្លេសាប នៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប ស្របតាមការសន្យាជាមួយកូនៗ។
ក្នុងឱកាសដំណើរកម្សាន្តលក្ខណៈគ្រួសារនេះដែរ ក៏មានការជួបជជែកពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនតំណាងសមាគមអ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីស្វែងយល់ផ្ទាល់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាទទួលយកនូវសំណូមពរនានារបស់ពួកគាត់។ ក្នុងនោះ សំណូមពរសំខាន់គឺពាក់ព័ន្ធនឹងការបែងចែកភាគលាភនៃចំណូលពីសេវាទេសចរណ៍ រវាងគ្រឹះស្ថានអង្គរ និងសហគមន៍។
គួររំលឹកផងដែរថា ស្ថិតក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងរងសម្ពាធពីវិបត្តសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈមានការកើនឡើងនោះ រាជរដ្ឋាភិបាលបានសម្រេចដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស រួចរាល់មកហើយ ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ។
ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និងក្រោយពីបានពិភាក្សាការងារជាមួយឯកឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គររួចមក ថ្នាក់ដឹកនាំបានសម្រេចឯកភាពជាគោលការណ៍ «រក្សាទុកការដំឡើងភាគលាភនៃចំណូលពីសេវាទេសចរណ៍នេះនៅដដែលសម្រាប់ផ្តល់ជូនសហគមន៍ ទោះជាទៅថ្ងៃខាងមុខ តម្លៃប្រេងឥន្ធនៈមានការធ្លាក់ចុះមកវិញក៏ដោយ»។ ការសម្រេចចិត្តនេះ គឺក្នុងគោលបំណងជួយបង្កើនប្រាក់ចំណូល និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើងជាលំដាប់។
ទន្ទឹមនឹងការផ្តល់ជូននូវដំណោះស្រាយដ៏រំភើបនេះ ថ្នាក់ដឹកនាំក៏បានដាក់ចេញនូវការស្នើសុំ និងជម្រុញដល់សហគមន៍ទាំងមូល សូមបន្តរក្សាស្មារតីសាមគ្គីភាពរួបរួមគ្នា ក្នុងការរៀបចំ និងពង្រឹងការផ្តល់សេវាកម្មឱ្យកាន់តែល្អប្រសើរ ប្រកបដោយតម្លាភាពជូនដល់ភ្ញៀវទេសចរ។ ការធ្វើបែបនេះ គឺដើម្បីធានាបាននូវទំនុកចិត្តខ្ពស់ និងជាចំណែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តនៅតំបន់ចុងឃ្នៀសកាន់តែច្រើនឡើងថែមទៀត៕





អត្ថបទដោយ៖ cambodia-nation-media