កម្ពុជាបង្ហាញជំហរច្បាស់លាស់ ៤ចំណុច លើបញ្ហាព្រំដែនជាមួយភាគីថៃក្នុងជំនួបក្រៅផ្លូវការនៅរុស្ស៊ី
ដោយ៖ហៀក ឆក
សហព័ន្ធរុស្ស៊ី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បានជួបជជែកក្រៅផ្លូវការជាមួយលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗចំនួន ៤ ពាក់ព័ន្ធនឹងជំហរដាច់ខាតរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។
ជំហរផ្លូវការទាំង ៤ ចំណុចដែលត្រូវបានលើកឡើងក្នុងឱកាសនោះ រួមមាន៖
ទី១. ការដោះស្រាយដោយសន្តិវិធី៖ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវជំហរដោះស្រាយរាល់បញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី និងស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិជាធរមាន។
ទី២. បញ្ហាព្រំដែនសមុទ្រ៖ ចំពោះតំបន់ទាមទារត្រួតគ្នានៅលើលំហសមុទ្រ កម្ពុជាស្នើឱ្យភាគីទាំងពីរបន្តដោះស្រាយតាមរយៈយន្តការសម្រុះសម្រួលជាកំហិត (Compulsory Conciliation) នៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលកំពុងតែដំណើរការនាពេលបច្ចុប្បន្ន។
ទី៣. បញ្ហាព្រំដែនគោក និងយន្តការ JBC៖ សម្រាប់ការងារព្រំដែនគោក កម្ពុជានៅតែជ្រើសរើសយកការដោះស្រាយតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងជាធរមាន។ ជាមួយគ្នានេះ កម្ពុជាបានជំរុញឱ្យភាគីថៃពន្លឿនការតែងតាំងប្រធាន JBC ភាគីថៃឱ្យបានឆាប់ ដើម្បីចាប់ផ្តើមដំណើរការចុះវាស់វែង និងបោះបង្គោលខណ្ឌសីមាព្រំដែនឡើងវិញ ស្របតាមស្មារតីនៃចំណុចទី៣ នៃសេចក្តីប្រកាសរួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
ទី៤. ការបើកច្រកព្រំដែនគោក៖ ពាក់ព័ន្ធនឹងការជជែកដេញដោលលើការបើកច្រកព្រំដែនគោកបន្ថែម កម្ពុជាយល់ឃើញថា មិនទាន់មានការចាំបាច់ណាមួយក្នុងការលើកយកមកពិភាក្សានៅក្នុងពេលនេះឡើយ។

អត្ថបទដោយ៖ cambodia-nation-media