រដ្ឋមន្ត្រីការពារជាតិអាមេរិក រិះគន់ NATO ធ្ងន់ៗនិងប្រកាសពិនិត្យឡើងវិញលើកងទ័ពអាមេរិកនៅអឺរ៉ុប

 សង្គម
 0 ម៉ោងមុន
 17
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ភីត ហិបសេត (Pete Hegseth) បានបើកការវាយប្រហារពាក្យសម្តីយ៉ាងខ្លាំងៗទៅលើបណ្តាប្រទេសជាសម្ព័ន្ធមិត្តណាតូ (NATO) ព្រមទាំងបានប្រកាសដាក់ចេញនូវការពិនិត្យឡើងវិញរយៈពេល ៦ ខែ លើវត្តមានកងទ័ពអាមេរិកនៅទូទាំងទ្វីបអឺរ៉ុប។ លោកបានព្រមានថា ការប្តេជ្ញាចិត្តយោធារបស់អាមេរិកនាពេលអនាគត នឹងផ្អែកទៅលើល្បឿនដែលអឺរ៉ុបទទួលខុសត្រូវលើការការពារខ្លួនឯង។
 
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូ នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក Hegseth បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា៖«នេះនឹងក្លាយជាការពិនិត្យឡើងវិញពិតប្រាកដ។ វាត្រូវបានបង្កើតឡើងដើម្បីធានាថា NATO នឹងដើរទៅមុខយ៉ាងលឿន និងមិនអាចថយក្រោយបាន ក្នុងការឱ្យអឺរ៉ុបក្លាយជាអ្នកដឹកនាំ និងឈានជើងមកទទួលខុសត្រូវចម្បងលើការការពារទ្វីបអឺរ៉ុបខ្លួនឯង»។ លោកបានបន្ថែមថា៖ «វាជាការវាយតម្លៃដែលប្រទេសខ្លះនឹងធ្លាក់ ហើយប្រទេសខ្លះទៀតនឹងជាប់ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ»។
 
ចំណុចក្តៅបំផុតមួយដែលធ្វើឱ្យប្រមុខការពារជាតិអាមេរិករូបនេះផ្ទុះកំហឹង គឺការដែលសម័្ពន្ធមិត្តអឺរ៉ុបមួយចំនួនបានរឹតត្បិត មិនអនុញ្ញាតឱ្យកងទ័ពអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព និងដែនអាកាសក្នុងអំឡុងពេលប្រតិបត្តិការយោធាពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ីរ៉ង់នាពេលថ្មីៗនេះ។ លោក Hegseth បានហៅទង្វើនេះថាជា «រឿងដ៏គួរឱ្យអាម៉ាស់»។
 
លោកបានសង្កត់ធ្ងន់ថា៖ «សម្ព័ន្ធមិត្តទាំងនេះបានធ្វើឱ្យកូនប្រុសស្រីរបស់អាមេរិកធ្លាក់ក្នុងហានិភ័យ ដោយសារតែការបដិសេធមិនផ្តល់សិទ្ធិចូលចត មូលដ្ឋានទ័ព និងការហោះហើរឆ្លងកាត់ ដែលជារឿងមិនគួរកើតមានឡើងទាល់តែសោះ»។ ហេតុទើបការពិនិត្យឡើងវិញរយៈពេល ៦ ខែនេះ នឹងមិនផ្តោតតែលើកញ្ចប់ថវិកាការពារជាតិឡើយ ប៉ុន្តែនឹងវាយតម្លៃថា តើអាមេរិកអាចពឹងផ្អែកលើការប្រើប្រាស់មូលដ្ឋានទ័ពអឺរ៉ុបដោយគ្មានលក្ខខណ្ឌបានដែរឬទេ៕
A member of the ground crew jumps as they work with munitions from a USAF B1 B bomber at RAF Fairford airbase, used by USAF personnel, amid the U.S.–Israeli conflict with Iran, in Fairford, Gloucestershire, Britain, March 15, 2026. REUTERS/Jack Taylor
Plane spotters watch as a U.S. Air Force Boeing B-52 Stratofortress takes off at RAF Fairford airbase, used by United States Air Force (USAF) personnel, amid the U.S.–Israeli conflict with Iran, in Fairford, Gloucestershire, Britain, March 15, 2026. REUTERS/Jack Taylor
A member of the ground crew works with munitions from a USAF B1 B bomber at RAF Fairford airbase, used by USAF personnel, amid the U.S.–Israeli conflict with Iran, in Fairford, Gloucestershire, Britain, March 15, 2026. REUTERS/Jack Taylor

អត្ថបទដោយ៖ cambodia-nation-media