AOTចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅច្រកអន្តរជាតិជាំក្រោយការរំលោភបំពានពីភាគីថៃ

 សង្គម
 0 ម៉ោងមុន
 15

ដោយ៖ហៀក ឆក
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះបំពេញបេសកកម្មផ្ទាល់ដី ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ស្ថិតក្នុងភូមិសាស្ត្រច្រកទ្វារអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់នានា ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
 
យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយប្រធានបេសកកម្ម (HOM AOT) មកពីប្រទេសហ្វីលីពីន ចុះទៅកាន់ទីតាំងផ្ទាល់ ដែលជាកន្លែងធ្លាប់ទទួលរងការវាយប្រហារ ការរាយបន្លាលួស និងការកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ។ បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលការគោរព និងការអនុវត្តវិធានការនានា ដូចមានចែងក្នុងសេចក្តីប្រកាសរួម ក្រោយពេលបទឈប់បាញ់ត្រូវចូលជាធរមាន។

ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីកម្ពុជាបានប្រកាសជាដាច់ខាតថា «មិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធានោះឡើយ»។ ជាមួយគ្នានេះ កម្ពុជាបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមា ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ នៅក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ការណ៍នេះ គឺដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាព និងមានកិត្តិយស។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានសង្កត់ធ្ងន់លើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការជម្រុញតួនាទី និងអាណត្តិរបស់ក្រុមការងារនេះ ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ព្រមទាំងវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
យន្តការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការបង្កើតជំនឿចិត្តទៅវិញទៅមក ហើយកម្ពុជាក៏បានបង្ហាញជំហរស្វាគមន៍ជានិច្ច ចំពោះបណ្តាប្រទេសជាមិត្តទាំងអស់ ដែលមានបំណងចង់ចូលរួមជួយដល់កិច្ចការងារសន្តិភាពព្រំដែននេះបន្ថែមទៀត៕

អត្ថបទដោយ៖ cambodia-nation-media