Cristiano Ronaldo ដឹកនាំទ័ព «បញ្ចខែល» ព័រទុយហ្គាល់ តទល់កុងហ្គោ យប់នេះ

 សង្គម
 0 ម៉ោងមុន
 27

ដោយ៖ ហៀក ឆក (William)
 
ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវប្រកួតបើកឆាកនៅក្នុងពូល K ជាមួយក្រុមជម្រើសជាតិសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2026។
 
ជំនួបដ៏ជក់ចិត្តនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន NRG Stadium ក្នុងទីក្រុង Houston សហរដ្ឋអាម៉េរិក នាវេលាម៉ោង ១២ យប់រំលងអធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ត្រូវនឹងថ្ងៃទី ១៧ ឈានចូលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦។ នេះជាប្រវត្តិសាស្ត្រដំបូងបង្អស់ដែលក្រុមទាំងពីរបានជួបគ្នា ដោយព័រទុយហ្គាល់ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ទម្រង់វាយសម្រុកខ្លាំងដើម្បីដណ្តើម ៣ ពិន្ទុដំបូង ខណៈ DR Congo ត្រៀមលក្ខណៈរួចជាស្រេចក្នុងការបង្កើតការភ្ញាក់ផ្អើល។

មុនការប្រកួតមកដល់ លោក Roberto Martínez គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ បានអះអាងថាកូនក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយ ហើយលោកជឿជាក់ថា «បញ្ចខែល» នឹងយកបាន ៣ ពិន្ទុពីកុងហ្គោ។ លោក Martínez បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «ខ្ញុំរីករាយជាមួយបេសកកម្មនេះណាស់ ហើយយើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជ័យជម្នះយប់នេះ»
 
ជាមួយគ្នានេះដែរ ខ្សែបម្រើ Bruno Fernandes ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តសម្រាប់ការប្រកួតយប់នេះផងដែរ ដោយប្រធានក្រុមបិសាចក្រហមMan United រូបនេះបានលើកឡើងថា៖ «កម្លាំងដ៏ខ្លាំងក្លារបស់ក្រុមយើង គឺកើតចេញពីការជឿជាក់លើគ្នាទៅវិញទៅមក»
 
ងាកមកមើលប្រវត្តិប្រកួតវិញ ព័រទុយហ្គាល់ ៣ ប្រកួតចុងក្រោយរបស់គេ ពុំទាន់ស្គាល់ពាក្យថាចាញ់ឡើយ ពោលគឺឈ្នះអាម៉េរិក ២-០, ឈ្នះឈីលី ២-១ និងឈ្នះនីហ្សេរីយ៉ា ២-១។ ចំណែកឯក្រុមជម្រើសជាតិកុងហ្គោវិញ ៣ ប្រកួតចុងក្រោយហាក់ធ្វើពុំសូវបានល្អសោះ ដោយឈ្នះហ្សាម៉ាអ៊ីក (Jamaica) ១-០, ស្មើដាណឺម៉ាក ០-០ និងចាញ់ឈីលី ២-១៕

អត្ថបទដោយ៖ cambodia-nation-media