ក្រុម (AOT) ចុះសួរសុខទុក្ខជនភៀសសឹកនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យខណៈកម្ពុជាជំរុញឱ្យមានការវាស់វែងព្រំដែនជាបន្ទាន់
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រធានបេសកកម្ម (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បេសកកម្មចុះសង្កេតការណ៍ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសម្បែងវិញបាននាពេលនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត។
កិច្ចការនេះត្រូវធ្វើឡើងស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទីបី នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា អាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងប្រកបដោយសុវត្ថិភាព និងកិត្តិយស។
ជាមួយគ្នានេះដែរ ព្រះរាជាណាចក្រកម្ពុជាបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ, គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris),អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម, ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម និងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕




អត្ថបទដោយ៖ cambodia-nation-media