លទ្ធផលមិននឹកស្មានដល់ក្នុងព្រឹត្តិការណ៍ World Cup2026

 សង្គម
 4 ថ្ងៃមុន
 39

ដោយ៖ហៀក ឆក (William)
 
ចាប់ផ្តើមបើករដូវកាលព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup2026 ក្រុមសហម្ចាស់ផ្ទះទាំងបី មានអាម៉េរិក ម៉ិកស៊ិក និងកាណាដា សុទ្ធតែធ្វើបានល្អដោយពុំមានក្រុមណាចាញ់ឡើយ បន្ទាប់បញ្ចប់ការប្រកួតដំបូងរបស់ខ្លួន កាលពីពេលកន្លងទៅ។
 
ម៉ិកស៊ិក ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ទទួលបាន ៣ពិន្ទុយ៉ាងកក់ក្តៅ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ អាហ្រ្វ៊ិកខាងត្បូង ជាមួយលទ្ធផលដ៏គាប់ប្រសើរ ២-០។ ក្នុងជ័យជម្នះនោះ ជួយឱ្យគេឈរនៅកំពូលតារាងពូល A ដោយនាំមុខ កូរ៉េខាងត្បូង សាធារណៈរដ្ឋឆែក និងអាហ្វ្រ៊ិកខាងត្បូង។
 
ចំណែកក្រុមម្ចាស់ផ្ទះ កាណាដា ឯណោះវិញ​ទោះបីជាមិនទទួលបានជ័យជម្នះសម្រាប់ការប្រកួតបើកឆាកដំបូងរបស់ខ្លួន ក្នុងនាមជាសហម្ចាស់ផ្ទះ គេយកបាន១ពិន្ទុ ដើម្បីស្អំបេះដូងជូនអ្នកគាំទ្រ។ ក្រោយស្មើជាមួយ បូស្នី នាំឱ្យគេឈរលេខ២ ស្មើស្វីស ដែលឈរលេខ១ និងនាំមុខ កាតា និងបូស្នី។ សូមបញ្ជាក់បន្ថែមផងដែរថា ក្នុងពូល B នេះក្រុមទាំងបួន មានម្នាក់១ពិន្ទុដូចគ្នា។
 
ក្រឡេកទៅមើលក្រុមម្ចាស់ផ្ទះ អាម៉េរិក វិញគេហាក់មានរាសីខ្ពស់ត្រដែត ដោយបានលត់ក្រុមភ្ញៀវ ប៉ារ៉ាហ្គាយ ជាមួយលទ្ធផល ៤-១ ដែលធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនសប្បាយចិត្តជាខ្លាំង។ ៣ពិន្ទុ របស់អាម៉េរិក​ ធ្វើឱ្យឡើងទៅឈរកំពូលតារាងពូល D ស្មើអូស្ត្រាលី និងនាំមុខ តួកគី និងប៉ារ៉ាហ្គាយ។
 
ការប្រកួតដែលអ្នកនិយមស្នេហាវិស័យកីឡាបាល់ទាត់ហួសចិត្ត និងមិននឹកស្មានដល់គឺ បួនក្រុមក្នុងពូលC ដែលក្រុមជម្រើសជាតិ សាំបាប្រេស៊ីល មិនអាចយកឈ្នះបានលើក្រុម ម៉ារ៉ុក ក្រោយចប់ការប្រកួតក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១ និងចែកគ្នាម្នាក់១ពិន្ទុ។ ពូលនេះដែរ ស្កុតឡែន គេឈរលេខ១ មាន៣ពិន្ទុ បន្ទាប់ពីឈ្នះ ហៃទី ១-០។
 
អ្នកគាំទ្របាល់ទាត់នៅលើពិភពលោក កំពុងចោទជាសំនួរថា ហេតុអ្វីបានជាក្រុមខ្លាំងដូចជា ប្រេស៊ីល មិនអាចយកឈ្នះ ក្រុម ម៉ារ៉ុក បាន? ហើយក្រុមទើបតែឡើងជើងដូចជាអូស្រ្តាលី ហេតុអ្វី អាចលត់ តួកគី បានដល់ទៅ២គ្រាប់ ដោយពុំឱ្យមានការតដៃបាន?ចម្លើយ គឺអាចនិយាយបាននៅពេលដែលការប្រកួតត្រូវបានបញ្ចប់ជាស្ថាពរ ហើយពេលនោះក្រុមណាខ្លាំង ឬខ្សោយ យើងនឹងឃើញជាក់ច្បាស់។ គួរឱ្យដឹងផងដែរថា “បាល់ទាត់គឺមូលគ្មានអ្វីស្ថិតស្ថេរនោះទេ!”៕

អត្ថបទដោយ៖ cambodia-nation-media