គ.ជ.ប កម្ពុជា បង្ហាញវត្តមានក្នុងមហាសន្និបាត RECEFនៅប្រទេសប៊ែលហ្ស៊ិក ដើម្បីពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត

 សង្គម
 4 ថ្ងៃមុន
 15
គណៈប្រតិភូនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា បានចូលរួមក្នុងសិក្ខាសាលា និងមហាសន្និបាតប្រចាំឆ្នាំ ២០២៦ របស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងណាមៀរ ព្រះរាជាណាចក្រប៊ែលហ្ស៊ិក។

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប បានឱ្យដឹងថា ក្នុងកិច្ចប្រជុំដែលមានតំណាងចូលរួមពី ២៥ ប្រទេសនេះ បានផ្តោតការពិភាក្សាលើប្រធានបទ «ការរៀបចំបញ្ជីបោះឆ្នោតមួយប្រកបដោយបរិយាបន្ន សុក្រឹតភាព ភាពពេញលេញ និងបច្ចេកវិទ្យាខ្ពស់»។ លោកបានសង្កត់ធ្ងន់ថា ការរៀបចំបញ្ជីបោះឆ្នោតបានល្អ គឺជាសសរស្តម្ភនៃលទ្ធិប្រជាធិបតេយ្យ ដែលជួយបង្កើនទំនុកចិត្តពីម្ចាស់ឆ្នោត និងបញ្ចៀសវិបត្តិនយោបាយ។ក្នុងមហាសន្និបាតនេះដែរ អន្តរជាតិបានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលមានសមត្ថភាពអាចរៀបចំការបោះឆ្នោតដោយខ្លួនឯងប្រកបដោយជោគជ័យ និងរក្សាបាននូវសន្តិភាព។ លើសពីនេះ សមាជិក RECEF ក៏បានស្នើឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងសន្និបាតប្តូរវេន នាពេលសមស្របណាមួយខាងមុខផងដែរ។ជាចុងក្រោយ គ.ជ.ប បានរំលឹកដល់ប្រជាពលរដ្ឋអំពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានគ្រប់ៗគ្នា។



អត្ថបទដោយ៖ cambodia-nation-media