កម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រនូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
ភ្នំពេញ៖ បើយោងតាមរបាយការណ៍ដែលប្រកាសរួមគ្នាដោយអជ្ជាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល និងUNAIDS នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីសមិទ្ធផលដ៏អស្ចារ្យមួយ ដោយក្លាយជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបានសម្រេចនូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ ។

សេចក្តីប្រកាសព័ត៌មានរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីសហប្រជាជាតិរួមគ្នា ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) បានគូសបញ្ជាក់ថា នេះគឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងការឈានទៅរកការបញ្ចប់ជំងឺអេដស៍ ដែលជាបញ្ហាគំរាមកំហែងចំពោះសុខភាពសាធារណៈនៅត្រឹមឆ្នាំ២០៣០ ។
សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ កើតឡើងចំពេលដែលកម្ពុជាប្រារព្ធខួប ៣០ឆ្នាំ នៃការគាំទ្ររបស់អង្គការ UNAIDS ចំពោះការឆ្លើយតបនឹងមេរោគអេដស៍នៅក្នុងប្រទេស ។ ជោគជ័យនេះ ក៏ជាលទ្ធផលនៃភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល សហគមន៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមអ្នករស់នៅជាមួយមេរោគអេដស៍ ក៏ដូចជាអ្នកដែលរងផលប៉ះពាល់ដោយសារមេរោគនេះផងដែរ ។







តើអ្វីទៅជាគោលដៅ៩៥-៩៥-៩៥? គោលដៅសកលដែលកម្ពុជាសម្រេចបាននេះ រួមមានសូចនាករសំខាន់ៗចំនួនបី៖
៩៥% ទី១៖ ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍ បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន [១]។
៩៥% ទី២៖ ៩៥% នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ។
៩៥% ទី៣៖ ៩៥% នៃអ្នកកំពុងទទួលការព្យាបាល បានសម្រេចនូវការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត (Viral Suppression) ។
ការសម្រេចបាននូវគោលដៅនេះ មិនត្រឹមតែបង្ហាញពីប្រសិទ្ធភាពនៃប្រព័ន្ធសុខាភិបាលរបស់កម្ពុជានោះទេ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានក្នុងការកាត់បន្ថយការចម្លងថ្មី និងការលើកកម្ពស់គុណភាពជីវិតរបស់អ្នករស់នៅជាមួយមេរោគអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
អត្ថបទដោយ៖ cambodia-nation-media