កម្ពុជាប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ២០២៦ ក្រោមប្រធានបទ«សំណល់សូន្យ» ដើម្បីឆ្ពោះទៅរកភាពស្អាត និងចីរភាព
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)» នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។




ការប្រារព្ធទិវានេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖
ជំរុញការគ្រប់គ្រងសំណល់៖ ផ្អែកលើគោលការណ៍ 4Rs គឺការកាត់បន្ថយ (Reduce), ការប្រើឡើងវិញ (Reuse), ការកែច្នៃសំណល់ (Recycle) និងការបដិសេធ (Refuse) ដើម្បីកាត់បន្ថយសំណល់នៅទីលានចាក់សំរាមឱ្យបានជាអតិបរមា។
ការប្តេជ្ញាចិត្តកម្រិតសាកល៖ បង្ហាញពីការចូលរួមរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការសម្រេចឱ្យបាននូវអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។



សមិទ្ធផលបន្តបន្ទាប់៖ យុទ្ធនាការនេះបន្តជោគជ័យពីឆ្នាំ២០២៥ ដែលកាលនោះយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមជាង ១៤លាននាក់ និងយុទ្ធនាការ «ពន្លកបៃតង» បានចែកចាយកូនឈើជាង ៣,៤លានដើម។
សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានគ្រោងនឹងបណ្តុះ និងចែកចាយកូនឈើប្រមាណ ៥លានកូន បន្ថែមទៀតតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥ ទីតាំង ដើម្បីបង្កើនគម្របព្រៃឈើនៅទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ អង្គទូត ដៃគូអភិវឌ្ឍ វិស័យឯកជន និងសិស្សានុសិស្ស ដើម្បីរួមគ្នាបង្កើតវប្បធម៌រស់នៅស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព។
អត្ថបទដោយ៖ cambodia-nation-media