ក្រុមហ៊ុន OCIC ទទួលបានហិរញ្ញប្បទាន ១០០ លានដុល្លារពីសហរដ្ឋអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ

 សង្គម
 ០៥ មិថុនា ២០២៦
 50

ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក បានសម្រេចអនុម័តផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។


ការសម្រេចផ្តល់ហិរញ្ញប្បទាននេះ បានធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់អស់រយៈពេលជាងពីរឆ្នាំ លើផ្នែកបច្ចេកទេស ប្រតិបត្តិការ និងផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)។ គម្រោងនេះក៏ជាការទទួលស្គាល់ដល់ក្រុមហ៊ុន OCIC ដែលជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកដ៏ធំ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា តាមរយៈការសហការជាមួយស្ថាប័ន និងក្រុមហ៊ុនល្បីៗរបស់អាមេរិកជាច្រើននាពេលកន្លងមក។
បើតាមលោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC បានបញ្ជាក់ថា កិច្ចសហការនេះគឺជាការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ជាមួយពិភពលោក។ ចំណែកឯខាង DFC បានលើកឡើងថា ការវិនិយោគនេះនឹងជួយលើកកម្ពស់ឱកាសសេដ្ឋកិច្ចសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាក្នុងរយៈពេលវែង។

អត្ថបទដោយ៖ cambodia-nation-media